ការធានា​គុណភាព​ ​សុវត្ថិភាព​ ​និង​ប្រសិទ្ធិភាព​របស់​ឱសថ​ដែល​ទទួលបាន​ការអនុញ្ញាតអោយ​ចរាចរណ៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ការងារ​ចម្បង​

ការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពរបស់ឱសថដែលទទួលបានការអនុញ្ញាតអោយចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺជាការងារចម្បង និងមានសារៈសំខាន់ចាំបាច់ក្នុងការលេីកកម្ពស់គុណភាពសេវាសុខាភិបាល៖

នាថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីចូលរួមបិទសិក្ខាសាលាថ្នាក់ជាតិស្តីពី ការត្រួតពិនិត្យគុណភាពឱសថលើទីផ្សារ ដល់មន្ត្រីសុខាភិបាលមកពីនាយកដ្ឋានឱសថ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៏ សើស្បែក និងកាមរោគ ឃ្លាំងឱសថកណ្តាល និងលោក លោកស្រី ជាភ្នាក់ងារត្រួតពិនិត្យឱសថ មកពីមន្ទីរសុខាភិបាលរាជធានី ខេត្តចំនួន១២ ដែលសិក្ខាសាលានេះរៀបចំឡើងដោយនាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក និង USP Global Public Health Asia ។ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថាគុណភាពឱសថមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងគុណភាពនៃការព្យាបាល បើឱសថមិនមានគុណភាពត្រឹមត្រូវតាមបទដ្ឋាទបច្ចេកទេសទេនោះ គុណភាពនៃការព្យាបាលមិនអាចទទួលបានជោគជ័យឡើយ ទោះបីជា គ្រូពេទ្យនោះមានជំនាញនិងពូកែយ៉ាងណាក៏ដោយ។ ឱសថអន់គុណភាព ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសុខាភិបាលតែងតែយកចិត្តទុកដាក់ និងគាំទ្រយ៉ាងសកម្ម ដល់សកម្មភាពគ្រប់គ្រង និងតាមដានគុណភាពឱសថក្នុងប្រទេសកម្ពុជា ជាក់ស្តែង ចំពោះឱសថដែលបានអនុញ្ញាតឲ្យដាក់លក់ ឬចរាចរណ៍ លើទីផ្សាហើយនោះ ក្រសួងសុខាភិបាលបានចាត់ឲ្យភ្នាក់ងារត្រួតពិនិត្យឱសថ ចុះត្រួតពិនិត្យជាប្រចាំ និងទិញឱសថពីទីផ្សារ ដើម្បីយកមកវិភាគគុណភាពឡើងវិញ ហើយបានចាត់វិធានការចំពោះឱសថណាដែលមានគុណភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ សិក្ខាសាលានេះបានផ្តល់ចំណេះដឹងអំពីការប្រើប្រាស់ឧបករណ៍សម្រាប់កំណត់មុខឱសថ និងទីតាំងដែលត្រូវធ្វើការស្រង់ឱសថដោយផ្អែកលើហានិភ័យ។ បើយើងអនុវត្តតាមឧបករណ៍នេះយើងនឹងជ្រើសរើសបាន មុខឱសថ និងទីតាំងដែលត្រូវចុះស្រង់បានចំគោលដៅ ដោយប្រើប្រាស់ថវិកាតិច និងចំណេញពេលវេលា។ សិក្ខាសាលានេះ ក៏បានកែលម្អផងដែរនូវពិធីសារសម្រាប់ការតាមដានគុណភាពឱសថ ឲ្យស្របតាមស្ថានភាពជាក់ស្តែងក្នុងប្រទេសបច្ចុប្បន្ន។
ក្នុងឱកាសនេះតំណាងអង្គការ USP Global Public Health Asia លោកបណ្ឌិត Souly Phanouvong បានលើកឡើងថាទោះបីជាមានការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពឱសថយ៉ាងណាក៏ដោយ ឱសថអន់គុណភាព នៅតែមាននៅលើទីផ្សារ និងជាកង្វល់សុខភាពជាសកល ដែលតែងតែបង្កគ្រោះថ្នាក់ដល់ជីវិត និងបង្កអោយមានភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគ។ សិក្ខាសាលាស្តីពីការត្រួតពិនិត្យឱសថនៅលើទីផ្សារដោយយោងទៅតាមហានិភ័យ បានចូលរួមចំណែកដល់ការពារ ការរកឲ្យឃើញ និងការចាត់វិធានការអោយបានឆាប់ចំពោះឱសថក្លែងក្លាយ និងអន់គុណភាព ដែលសិក្ខាសាលានៅកម្ពុជានាពេលនេះជាគំរូ សម្រាប់ប្រទេសក្នុងតំបន់។ តំណាងអង្គការសុខភាពពិភពលោកអញ្ជេីញមកពីទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី Diana Aram Lee (Technical Officer, Substandard and Falsified Medical Products Group) បានបញ្ជាក់បន្ថែមថាបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាពមិនមែនជាបញ្ហាដែលមាននៅតែប្រទេសណាមួយនោះទេ ប៉ុន្តែវាជាបញ្ហដែលកើតមានឡើងជាសកលដែលយើងត្រូវតែរួមគ្នាដោះស្រាយ។ អង្គការសុខភាពពិភពលោកមានការប្តេជ្ញាចិត្តក្នុងការពង្រឹងសម្ថភាព មន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថ រួមបញ្ចូលទាំងការគាំទ្រលើសកម្មភាពត្រួតពិនិត្យឱសថនៅលើទីផ្សារផងដែរ។

ដើម្បីធានាឲ្យបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពរបស់ឱសថ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្ថែមថា ការងារត្រួតពិនិត្យគុណភាពឱសថនេះ តម្រូវឲ្យមានការចូលរួមពីផ្នែកពាក់ព័ន្ធដែលបានទទួលការបណ្តុះបណ្តាលនាពេលនេះរួចហេីយ និងបានណែនាំដូចតទៅ៖
− នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងមន្ទីរសុខាភិបាលរាជធានី/ខេត្ត ត្រូវធ្វើការចុះត្រួតពិនិត្យឲ្យបានទៀងទាត់ជាប់ជាប្រចាំ ដល់ គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានលក់ឱសថ ទៅតាមភារកិច្ច នៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។
− នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងកម្មវិធីជាតិនានា ដែលធ្វើការត្រួតពិនិត្យ គុណភាពឱសថលើទីផ្សារ ត្រូវធ្វើការកំណត់មុខឱសថ និងទីតាំង ស្រង់ឱសថ ដោយផ្អែកតាមចំណាត់ថ្នាក់ហានិភ័យ។
− មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលត្រូវបន្តពង្រឹងសមត្ថភាពក្នុងការត្រួតពិនិត្យគុណភាពឱសថ រួមទាំងឱសថបុរាណ ឱសថបំប៉នសុខភាព និងគ្រឿងសំអាងផងដែរ។
– ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជៀសវាងការប្រើប្រាស់ឱសថ តាមគ្នាដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និងឱសថដែលលក់តាមបណ្តាញសង្គម និងគេហទំព័រ ព្រោះឱសថទាំងនេះពុំមានសុវត្ថិភាពឡើយ ប៉ុន្តែវាធ្វើឲ្យបងប្អូនខាតបង់ថវិកា ពន្យាពេលវេលានៃការព្យាបាល និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតថែមទៀតផង។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានពាំនាំនូវការកោតសរសើរពីសំណាក់ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់ការខិតខំប្រឹងប្រែងកន្លងមករបស់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យវិស័យមួយនេះមានវឌ្ឍន:ភាពគួរជាទីមោទន: ។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នេីសុំដល់អង្គការសុខភាពពិភពលោកនិងអង្គការ USP Global Public Health Asia ជួយបន្តការបណ្តុះបណ្តាលដល់មន្ត្រីទទួលខុសត្រូវត្រួតពិនិត្យផ្នែកឱសថនៃខេត្តដែលនៅសល់ចំនួន១៣ទៀត ដេីម្បីអាចអនុវត្តការងារដ៏សំខាន់នេះបានគ្រប់ខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានទទួលបានពីការិយាល័យនិយ័តកម្មនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល។

55526868_2200968329942261_726645613931790336_n55549682_2200968363275591_6600913006471675904_n