ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាគារ​ពិនិត្យ​ព្យាបាល​ជំងឺ​និង​សម្ភព​រោគស្ត្រី​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិចិនតុង រាជធានី​ភ្នំពេញ

នាថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគារពិនិត្យព្យាបាលជំងឺនិងសម្ភពរោគស្ត្រី ដែលទើបនឹងបញ្ចប់ការសាងសង់ថ្មីនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកឧកញ៉ា សៀ ឬទ្ធី និងសហការី ព្រមទាំងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកពោធិចិនតុង សរុបទាំងអស់ប្រហែលជា២១៥នាក់។

នៅក្នុងពិធីដ៏វិសេសសាលនេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា អាគារពិនិត្យព្យាបាលជំងឺដែលទើបតែបានសាងសង់ថ្មីនេះបានចាប់ផ្តើមសាងសង់ឡើង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ និងបានបញ្ចប់រួចរាល់ជាស្ថាពរ នៅថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្រោមការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លារបស់លោក ឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ តាន់ តឹកគី ដែលអាគារនេះមានទំហំទទឺងដ១០ម៉ែត្រ បណ្តោយ២០ម៉ែត្រ និងមានកំពស់៣ជាន់។ នេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញក្នុងវិស័យសុខាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ តាន់ តឹកគី ដែលបានផ្តល់អំណោយសប្បុរសដ៏ថៃ្លថ្លានេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឈន៍វិស័យសុខាភិបាលស្របតាមតំរូវការរបស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅរាជធានីភ្នំពេញនេះតែម្តង ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងជួយសំរួលគ្រប់បែបយ៉ាង ដើម្បីសំរេចបាននូវសមិទ្ធិផលនេះប្រកបដោយជោគជ័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំផ្តាំផ្ញើចូលរួមកោតសរសើរដល់មន្រ្តីនិងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរ គោរពបានយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ហើយឯកឧត្តមបានសំណូមពរឱ្យមន្រ្តីសុខាភិបាលទាំងអស់ខិតខំបំពេញភារកិច្ចឲ្យបានល្អជាបន្តទៀត និងសូមជួយថែទាំអាគារថ្មីឲ្យស្អាតល្អ មានអនាម័យ សោភ័ណ្ឌភាព និងប្រើប្រាស់អោយបានគង់វង់ ស្ថិតស្ថេរយូរអងែ្វង ដើម្បីជាគុណប្រយោជន៏ដល់ប្រជាជនយើង។ គួរឲ្យកត់សម្គាល់ផងដែរថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវនិងស្នើសុំលោកឧកញ៉ា បន្តជួយលើវិស័យសុខាភិបាលជាបន្តទៀត ដោយពិនិត្យលទ្ធភាពក្នុងការសាងសង់អាគារផ្សេងៗទៀតផងដែរ។

ព័ត៌មានទទួលបានពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

29872184_1715860588453040_4801411502290977425_o29872275_1715860298453069_8932313514606905809_o29873415_1715860205119745_2165542607277680307_o30051787_1715860651786367_3530482508693540579_o30052213_1715860191786413_5636701286089726563_o30072717_1715860201786412_6797937258006474367_o30073204_1715860605119705_7756100640189320603_o30595247_1715860315119734_3674930611035444558_n