ការ​ពង្រឹង​សមត្ថភាព​​គ្រូពេទ្យ​ថែ​ទាំ​អ្នក​​​ជំងឺ​ផ្លូវ​​​ចិត្ត​​និង​ញៀន​គ្រឿងញៀន គឺជា​ការជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​រវាង​គ្រូពេទ្យ​និង​អតិថិជន

កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៧ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្ត និងគ្រឿងញៀន ក្រោមអធិបតីភាពរបស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាបាលនៃក្រសួងសុខាភិបាលនៅសណ្ឋាគារ ហេង រស្មី ខេត្តកំពត ដែលមានសិក្ខាកាមជាគិលានុបដ្ឋាក-យិកា ចំនួន ៤៣ នាក់ បានចូលរួម ក្នុងនោះមាន៖

មកពីខេត្តកំពត ចំនួន ១៧ នាក់
• ខេត្តកណ្តាល ចំនួន ១២ នាក់
• ខេត្តកំពង់ស្ពឺ ចំនួន ០៨ នាក់
• ខេត្ត កែប ចំនួន ០៣ នាក់
• ខេត្ត តាកែវ ចំនួន ០២ នាក់
• ខេត្ត ព្រៃវែងចំនួន ០១ នាក់
និងមានគ្រូឧទ្ទេសនាមមកពីខេត្តផ្សេង និងមកពីក្រសួងមួយចំនួនទៀតផងដែរ។

សិក្ខាសាលាបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងបច្ចេកទេសដល់គិលានិបដ្ឋាក-យិកា ក្នុងការថែទាំជាបថមសម្រាប់អ្នកជំងឺផ្លូវចិត្ត និងអ្នកញៀនគ្រឿងញៀន ដើម្បីចូលរួមពង្រីកសេវាព្យាបាលនិងថែទាំអ្នកជំងឺផ្លូវចិត្ត និងអ្នកញៀនគ្រឿងញៀន នៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ ព្រមទាំងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានណែនាំឲ្យមន្ត្រីសុខាភិបាលទាំងអស់យកចិត្តទុកដាក់និងរួមចំណែកបន្តពង្រឹងសេវាសុខភាពប្រកបដោយគុណភាព ដោយត្រូវចាប់ផ្តើមពីគុណវឌ្ឍរបស់ពេទ្យម្នាក់ៗខ្លួនឯងផ្ទាល់ ហើយក៏បានគូសបញ្ជាក់ដែរថា ជាចំណុចចាប់ផ្តើមនៃការថែទាំអ្នកជំងឺប្រកបដោយគុណភាព គិលានុបដ្ឋាក ត្រូវកសាងឱ្យបាននូវទំនាក់ទំនងរវាងគ្រូពេទ្យ និងអ្នកជំងឺ ឱ្យបានល្អ ដើម្បីយើងអាចកសាងទំនុកចិត្ត និងស្រាវជ្រាវរកប្រវត្តិជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ ពិនិត្យដោយហ្មត់ចត់ ដែលអាចឲ្យមានអន្តរាគមន៌សុខភាពបានល្អ។ ទន្ទឹមនឹងនោះ លោកជំទាវ ឱ វណ្ណឌីន បានធ្វើការណែនាំដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្នុងការថែទាំអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសូមជួយលើកកម្ពស់គុណតម្លៃរបស់គ្រូពេទ្យ ដែលជាប្រពៃណីតែងតែទទួលបាននូវការគោរព និងទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ព័ត៌មានទទួលបានពីនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន។

Slider Photo Template

Slider Photo Template