admin
ការចូលរួមប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព និងប្រេីប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រត្រឹមត្រូវ ដេីម្បីឆ្ពោះទៅរកសុខភាពជាសាកល

(ញូដេលី)៖ ការចូលរួមប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព និងប្រេីប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រត្រឹមត្រូវ ដេីម្បីឆ្ពោះទៅរកសុខភាពជាសាកល និងពង្រឹងការផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់នៅតំបន់អាស៊ី៖
នាថ្ងៃុពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិស្តីអំពី “Asia Health 2019” នៅទីក្រុងញូដេលី(New Delhi) ប្រទេសឥណ្ឌា ដែលមានអ្នកចូលរួមជាថ្នាក់ដឹកនាំ មន្ត្រីជំនាញ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រសុខភាព ក្រុមហ៊ុនឱសថនិងបរិក្ខាពេទ្យ មន្ទីរពេទ្យឯកជននៅឥណ្ឌា និងធុរកិច្ចឯកជនអន្តរជាតិផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ សរុបចំនួនប្រមាណ១៧០នាក់។
ក្នុងពេលស្នាក់នៅ និងបំពេញបេសកកម្មដែលមានរយៈពេលពីថ្ងៃទី១៦ ដល់ទី១៩ ខែតុលា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលនូវការស្នេីសុំពីអង្គប្រជុំផ្តល់ជាកិត្តិយសអញ្ជេីញថ្លែងសន្ទរកថាគន្លឹះនៅក្នុងពិធីបេីកកិច្ចប្រជុំ “ASIA Health 2019” រួមជាមួយឯកឧត្តមវេជ្ជបណ្ឌិត ហាស វ៉ាដហាន់ (H.E. Dr. Harsh Vardhan, Honorable Minister of Health and Family Welfare) រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសុខមាលភាពគ្រួសារនៃសាធារណ:រដ្ឋឥណ្ឌា។ ក្នុងសន្ទរកថាដ៏មានខ្លឹមសារនេះ លោកជំទាវបានលេីកឡេីងពីការរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើសុខភាពប្រជាជនកម្ពុជាទូទៅ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយមិនអាចបំភ្លេចបានជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការសង្គ្រោះនិងកសាងប្រទេសកម្ពុជាជាពិសេសការជួយគាំទ្ររបស់សម្តេចលេីការកសាងវិស័យសុខាភិបាលតាំងពីបាតដៃទទេ ព្រមទាំងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៌ប្រទេសបានរីកចម្រេីនដូចសព្វថ្ងៃនេះ។ លោកជំទាវ បានលើកពីកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យសុខាភិបាល ក្នុងការអភិវឌ្ឍហិដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបណ្តុះបណ្តាលធនធានមនុស្ស ដេីម្បីផ្តល់សេវាសុខភាពជូនប្រជាជនកម្ពុជា កិច្ចខិតខំប្រយុទ្ធនឹងជំងឺឆ្លងផងនិងឆ្លេីយតបបញ្ហាជំងឺមិនឆ្លងផង ព្រមទាំងការអនុវត្តន៌គោលនយោបាយគាំពារសុខភាពសង្គមឈ្ពោះទៅរកសុខភាពជាសាកល និងបានស្នើសុំឲ្យមានកិច្ចសហការ-សហប្រតិបត្តិការបន្ថែមទៀតពីក្រសួងសុខាភិបាលឥណ្ឌានិងពីដៃគូសុខាភិបាលទាំងរដ្ឋនិងឯកជននៅឥណ្ឌានេះ លេីផ្នែកបច្ចេកវិទ្យាពេទ្យ ព្រមទាំងការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍធនធានមនុស្សលេីបច្ចេកវិទ្យាពិនិត្យនិងព្យាបាលជំងឺផងដែរ។
ទន្ទឹមនឹងនោះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំបន្ថែមថា៖ គំនិតផ្តួចផ្តេីមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា លេីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព ដែលសម្តេចបានថ្លែងសន្ទរកថាបេីកកិច្ចប្រជុំថ្នាក់មហាអនុតំបន់ទន្លេមេកុងនាខែវិឆ្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានក្លាយទៅជាប្រធានបទវិប្បស្សនានៃកិច្ចប្រជុំលេីកទី១៤ រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន នាខែសីហា ឆ្នាំ២០១៩ ហេីយរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ បានគាំទ្រគំនិតផ្តួចផ្តេីមរបស់សម្តេចតេជោទាំងស្រុង ដោយបានឯកភាពគ្នាចេញសេចក្តីប្រកាសរួមនិងបានដាក់បញ្ចូលប្រធានបទប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាពក្នុងសេចក្តីប្រកាសរួមនេះ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាពក្នុងតំបន់និងក្នុងប្រទេស។ លោកជំទាវរដ្ឋលេខាអិការ បានជម្រាបនិងស្វាគមន៌ដល់ភ្ញៀវអន្តជាតិទាំងអស់អញ្ជេីញចូលរួមវេទិកាអន្តរជាតិអាស៊ី-អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព នៅពាក់កណ្តាលឆ្នាំ២០២០ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ដែលលទ្ធផលបានពីវេទិកាដ៏មានសារសំខាន់នេះ នឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលេីកទី១៣ (13th ASIA-Europe Summit) ដែលនឹងត្រូវរៀបចំដឹកនាំកិច្ចប្រជុំដោយសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នាឆ្នាំ២០២០ខាងមុខនេះ។ លេីសពីនេះ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវឲ្យមានការខិតខំរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព ដេីម្បីឆ្ពោះទៅរកសុខភាពជាសាកលនិងពង្រឹងការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាពនៅតំបន់អាស៊ីយេីងនេះ ជាពិសេសសុំឲ្យមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជនដែលធ្វេីធុរកិច្ចផ្នែកឱសថនិងសម្ភារ:បរិក្ខាពេទ្យនៃប្រទេសឥណ្ឌា លេីកិច្ចការដ៏សំខាន់នេះផងដែរ។
គួរកត់សម្គាល់ថា នៅក្នុងបទអន្តរាគមន៍ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់ខាងលើនេះ លោកជំទាវរដ្ឋលេខាធិការបានបង្ហាញពីស្ថានភាពនៃបន្ទុកជំងឺមិនឆ្លងនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ២០១៦-២០២០ និងផែនការសកម្មភាពពហុវិស័យជាតិ ស្តីពីការការពារនិងការប្រយុទ្ធនឹងជំងឺ មិនឆ្លង ឆ្នាំ២០១៨-២០២៧ របស់ក្រសួងសុខាភិបាលផងដែរ និងបានលេីកឡេីងថា វិស័យសុខាភិបាល ជាវិស័យមួយដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងនៅថ្នាក់សកល (MDGs 4, 5 and 6) មុនកាលកំណត់ ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្រ្តីក្រោមឱវាទទាំងអស់។ លោកជំទាវរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍និងទំនាក់ទំនងល្អរវាង ឥណ្ឌានិងកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ ដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសលើការកសាងធនធានមនុស្ស និងបច្ចេកវិទ្យាសុខាភិបាល។ លោកជំទាវរដ្ឋលេខាធិការនិងគណៈប្រតិភូ ក៏បានពិនិត្យមេីលនិងស្វែងយល់បន្ថែមទៀតនូវបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនេីបពីការតាំងពិព័ណសម្ភារ:បរិក្ខាពេទ្យនានានៅឯកិច្ចប្រជុំខាងលេីនេះផងដែរ។
ព័ត៌មានទទួលបានពីគណ:ប្រតិភូនៅទីក្រុងញូដេលីនៃប្រទេសឥណ្ឌា។
កម្ពុជា សម្រេចបាននូវគោលដៅជាតិនិង គោលដៅតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងការ ប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ លើកុមារ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីប្រទេសកម្ពុជាបានសម្រេចគោលដៅជាតិ និងតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ លើកុមារ នៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃសុក្រ ១០ រោច ខែជេស្ឋ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល (ដោយមានការចូលរួមពីសំនាក់លោកវេជ្ជបណ្ឌិត Liu Yunguo តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា និងលោកស្រី Natascha Paddison នាយិការងអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល លោកស្រីសាស្ត្រាចារ្យ ទុង រដ្ឋាវី ប្រធានមជ្ឍមណ្ឌលជាតិគាំពារមាតានិងទារក និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ត្រី បុគ្គលិកសុខាភិបាល ព្រមទាំងដៃគូអភិវឌ្ឍសុខាភិបាល) បានប្រកាសថា “ប្រទេសកម្ពុជា ត្រូវបានអង្គការសុខភាពពិភពលោក ទទួលស្គាល់ថាជាប្រទេសបានសម្រេច គោលដៅជាតិ និងតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ លើកុមារ’ ដែលសមិទ្ធិផលដ៏គួរឲ្យមោទនៈនេះ គឺបានមកពីការគាំទ្រសព្វបែបយ៉ាង និងការយកចិត្តទុកដាក់ខ្ពស់លើសុខភាពមាតា ទារកនិងកុមារ ព្រមទាំងប្រជាជនទូទៅ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តទៀតថា ៖ នៅមុនឆ្នាំ២០០៥ មុនពេលបញ្ចូលវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ ទៅក្នុងកម្មវិធី ផ្តល់ថ្នាំបង្ការនៅកម្ពុជាមានការឆ្លងរាលដាលជំងឺរលាកថ្លើមប្រភេទបេ ជាច្រើន។ តាមការប៉ាន់ស្មាន របស់អង្គការសុខភាពពិភពលោក និងតាមការអង្កេតជាច្រើនបានបង្ហាញថា អត្រាផ្ទុកវីរុសរលាកថ្លើម ប្រភេទបេ ក្នុងចំណោមប្រជាជនទូទៅមានប្រមាណចន្លោះពី៥% ទៅ ១០%។
នៅឆ្នាំ២០០៦ ការអង្កេតមួយធ្វើឡើងដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងមានការគាំទ្រដោយអង្គការសុខភាពពិភពលោក និងអង្គការ PATH នៅទូទាំង ប្រទេសទៅលើកុមារអាយុក្រោម៥ឆ្នាំ។ លទ្ធផលបានបង្ហាញថា ប្រេវ៉ាឡង់នៃជំងឺរលាកថ្លើមប្រភេទបេ លើកុមារមាន ៣.៥%។ នៅឆ្នាំ២០១១ ការអង្កេតមួយបានធ្វើឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងគាំទ្រដោយអង្គការសុខភាពពិភពលោក ទៅលើកុមារអាយុ៥ឆ្នាំ នៅក្នុងរាជធានីភ្នំពេញ-ខេត្ត ក្រចេះ និងរតនគីរី។ លទ្ធផលបានបង្ហាញថា ប្រេវ៉ាឡង់នៃជំងឺរលាកថ្លើមប្រភេទបេលើកុមារមានភាពខុសប្លែកគ្នាទៅតាមរាជធានី-ខេត្ត ដោយនៅរាជធានីភ្នំពេញប្រេវ៉ាឡង់នៃជំងឺរលាកថ្លើមប្រភេទបេ លើកុមារមានត្រឹមតែ ០.៣៣% នៅខេត្តក្រចេះមាន ១.៤១% និងនៅខេត្តរតនគីរី មានរហូតដល់ ៣.៤៥%។
ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកាត់បន្ថយការចម្លងវីរុសរលាកថ្លើមប្រភេទបេ តាមរយៈការបញ្ចូលវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅទូទាំងប្រទេសនាឆ្នាំ២០០៥។ ចាប់ពីពេលនោះមក វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ ត្រូវបានផ្តល់ដល់ទារកចាប់ពីពេលកើត (ក្នុងអំឡុងពេល២៤ម៉ោង) និងផ្តល់ជាបន្តបន្ទាប់ចំនួន៣ដូសបន្ថែមទៀត នៅពេលទារកមានអាយុ ៦ សប្តាហ៍ ១០សប្តាហ៍ និង១៤សប្តាហ៍។ ការផ្តល់ថ្នាំបង្ការជំងឺដល់ទារក និងកុមារ ជាសកម្មភាពអទិភាពចម្បងដែលមន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់គ្រប់ជាន់ថ្នាក់អនុវត្តយ៉ាងសកម្មដោយមានការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ និងមានការចូលរួមពីសហគមន៍ និងអជ្ញាធរមូលដ្ឋាន។ ជាលទ្ធផល អត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ មានការកើនឡើងគួរឱ្យកត់សំគាល់ ដោយអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការនៅពេល២៤ម៉ោង ក្រោយកើតកើនពី២៤% នៅឆ្នាំ២០០៥ ដល់ ៧១% នៅឆ្នាំ២០១០ និង៨៤% នៅឆ្នាំ២០១៧។ ឯអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការ៣ដូសទៀត កើនពី៨៣% នៅឆ្នាំ២០០៥ ដល់៩២% នៅឆ្នាំ២០១០ និង៩៨% នៅឆ្នាំ២០១៧។
ផ្អែកតាមលទ្ធផលនេះ អង្គការសុខភាពពិភពលោកបានស្នើឱ្យមានការអង្កេតស្រាវជ្រាវម្តងទៀត ដើម្បីវាយតម្លៃប្រេវ៉ាឡង់ជំងឺរលាកថ្លើមប្រភេទបេលើកុមារនៅកម្ពុជា ធៀបទៅនឹងគោលដៅ តំបន់របស់អង្គការសុខភាពពិភពលោក ដែលបានកំណត់កាត់បន្ថយប្រេវ៉ាឡង់ជំងឺរលាកថ្លើមប្រភេទ បេ ក្នុងចំណោមកុមារឱ្យនៅតិចជាង១% នៅឆ្នាំ២០១៧។ ការអង្កេតត្រូវបានធ្វើឡើងដោយសាកល វិទ្យាល័យហ៊ីរ៉ូស៊ីម៉ា អង្គការសុខភាពពិភពលោក US-CDC និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ជាលទ្ធផល ប្រេវ៉ាឡង់ជំងឺរលាកថ្លើមប្រភេទបេ លើកុមារមានត្រឹមតែ ០.៥៦% ប៉ុណ្ណោះ។
លទ្ធផលដែលបានពីការអង្កេតនេះ ត្រូវបានពិនិត្យដោយក្រុមការងារវាយតម្លៃឯករាជ្យមួយ (Regional Independent Verification Panel) ដឹកនាំដោយលោកវេជ្ជបណ្ឌិត John Ward នាយកកម្មវិធីលុបបំបាត់ជំងឺរលាកថ្លើមដោយវីរុស/ក្រុមការងារសុខភាពសកល លោកវេជ្ជបណ្ឌិត Jong-Hyun Kim សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកាតូលិកកូរ៉េ និងលោកវេជ្ជបណ្ឌិត Mark Kane ទីប្រឹក្សាបច្ចេកទេសផ្នែកវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក។
ក្រុមការងារវាយតម្លៃនេះបានធ្វើការសន្និដ្ឋានថា ប្រទេសកម្ពុជាបានសម្រេចគោលដៅជាតិ និងគោលដៅតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ លើកុមារ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្តល់នូវការគាំទ្រសព្វបែបយ៉ាងលើសុខភាពមាតា ទារក និងកុមារ ជាពិសេស និងដល់ប្រជាជនកម្ពុជាទូទៅ និយាយជារួម ដែលធ្វើឲ្យក្រសួងសុខាភិបាលអាចសម្រេចបាននូវសមិទ្ធផលជាច្រើន។ ជាក់ស្តែងថ្ងៃនេះ កម្ពុជាទទួលបាននូវការបញ្ជាក់ពីអង្គការសុខភាពពិភពលោកថា ប្រទេសកម្ពុជាបានសម្រេចតាមគោលដៅប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ នៅឆ្នាំ២០១៧នេះ ជាសក្ខីភាពជាក់ស្តែង។
ខ្ញុំក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍសុខាភិបាលទាំងអស់ ដែលបានខិតខំធ្វើសកម្មភាព និងផ្តល់ការគាំទ្រលើកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដែលធ្វើឲ្យប្រេសកម្ពុជាសម្រេចបាននូវសមិទ្ធផលនាថ្ងៃនេះ។
ខ្ញុំសូមថ្លែងអំណរគុណជាអនេកដល់មាតា បិតា និងអាណាព្យាបាលទាំងអស់ ដែលបាននាំបុត្រា បុត្រី មកទទួលថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ។ ខ្ញុំសូមជំរុញឲ្យមាតា បិតា និងអាណាព្យាបាលទាំងអស់បន្តនាំកូន ចៅមកទទួលថ្នាំបង្ការបន្តទៀតឲ្យបានគ្រប់មុខទៅតាមកម្មវិធីថ្នាក់ជាតិ។
ភ្ជាប់មកជាមួយនេះ នូវសេចក្តីប្រកាសព័ត៌មានស្តីពីប្រទេសកម្ពុជាបានសម្រេចគោលដៅជាតិ និងតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ លើកុមារ របស់ក្រសួងសុខាភិបាលជាភាសាខ្មែរនិងផាសាអង់គ្លេស។
ព័ត៌មានទទួលបានពីអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលខេត្តក្រចេះឆ្នាំ២០១៧

កាលពីថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៨ មន្ទីរសុខាភិបាលខេត្តក្រចេះ បានប្រារពពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលខេត្តឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម តែ គុយស៊ាង រដ្ធលេខាធិការក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាសង្កាត់ តំណាងដៃគូអភិវឌ្ឍ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងខេត្តក្រចេះ សរុបចំនួន២៣២នាក់ ។
ក្នុងឱកាសនោះ គណ:អធិបតីក៏បានផ្តល់ប័ណ្ឌសរសើរជូនដល់មន្ត្រីសុខាភិបាលដែលបានខិតខំបំពេញការងារក្នុងឆ្នាំកន្លងមក ចំនួន ១៥០នាក់ផងដែរ។
ព័ត៌មានទទួលបានពីមន្ទីរសុខាភិបាលខេត្តក្រចេះ។