ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជេីញចុះសួរសុខទុក្ខអ្នកជំងឺ ដែលរងរបួសដោយសារឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង នៅខេត្ដពោធិ៍សាត់

ឯកឧត្តមសាស្រ្តាចារ្យ  ឈាង  រ៉ា  រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជេីញចុះសួរសុខទុក្ខអ្នកជំងឺ ដែលរងរបួសដោយសារឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង នៅខេត្ដពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ ចុះពិនិត្យ សួរសុខទុកស្ថានភាពជំងឺរបស់ជនរងគ្រោះដោយសារ ឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីម្សិលមិញនេះ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះខាងលើនេះ នៅមន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ ឯកឧត្តម សាស្ដ្រាចារ្យរដ្ឋមន្រ្តី បានពាំនាំប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីបារម្ដយ៉ាងពន់ពេកពីស្ថានភាពនៃការរងគ្រោះថ្នាក់របស់បងប្អូនប្រជាពលរដ្ឋ ។ ទន្ទឹមនឹងការចុះសួរសុខទុក្ខនេះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់នូវថវិកាមួយចំនួនជូនដល់អ្នកជំងឺដែលរងគ្រោះក្នុងករណីខាងលើនេះ និងអ្នកជំងឺផ្សេងទៀត ដែលសម្រាកនៅបន្ទប់ជាមួយគ្នានេះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សាស្រ្តាចារ្យរដ្ឋមន្ដ្រី បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលខេត្ត តាមដានពីស្ថានភាពនៃគ្រោះថ្នាក់នេះជាប់ជានិច្ច ដោយបានចាត់ឱ្យក្រុមការងារត្រៀមជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្ដទុកដាក់ ២៤ម៉ោង លើ ២៤ម៉ោង និងរាយការណ៍លម្អិតពីស្ថានភាពនៃជំងឺរបស់ជនរងគ្រោះ ដើម្បីស្វែងដល់ពីអ្វីដែលត្រូវបន្ដជួយជាបន្ដបន្ទាប់ ក្នុងការធានានូវសុវត្ថិភាពរបស់ពលរដ្ឋដែលរងគ្រោះថ្នាក់ទាំងនេះ។

ករណីឧបទ្ទវហេតុរថភ្លើង បុកជាមួយរថយន្ដក្រុង នៅវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបណ្ដាលឲ្យមនុស្ស៤៦នាក់រងរបួសធ្ងន់ស្រាល។

បច្ចុប្បន្នជនរងគ្រោះចំនួន ១៨នាក់ (រងរបួសធ្ងន់ ៥នាក់ និងរងរបួសស្រាល ១៣នាក់) បាននឹងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ ដោយឡែកជនរងគ្រោះ ដែលរងរបួសស្រាល២៨នាក់ផ្សេងទៀត បាននឹងកំពុងសង្គ្រោះ និងព្យាបាលបឋម នៅមន្ទីរពេទ្យបង្អែកក្រគរ និងមណ្ឌលសុខភាពឈើតុំ។

photo_2024-03-30_20-40-12 photo_2024-03-30_20-40-15 photo_2024-03-30_20-40-21 photo_2024-03-30_20-40-22 photo_2024-03-30_20-40-23 photo_2024-03-30_20-40-33 photo_2024-03-30_20-40-34

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខបងប្អូននាយទាហាន ពលទាហាន និងក្រុមគ្រួសារ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខបងប្អូននាយទាហាន ពលទាហាន និងក្រុមគ្រួសារ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខនាយទាហាន និងពលទាហាន ព្រមទាំងក្រុមគ្រួសារនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល និងរីសត។

នាឱកាសសួរសុខទុក្ខ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ដ្រី បានពាំនាំប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិពលទាហាន មេបញ្ជាកងទ័ព និវត្ដន៍ជនទាំងអស់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងបន្ដថា «ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងកតញ្ញូតាធម៌ដ៏មហាថ្លៃថ្លា ដែលមិនអាចកាត់ថ្លៃបានជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ជាស្ថាបនិកឯកនយោបាយឈ្នះ-ឈ្នះ ដែលបានប្រែក្លាយកម្ពុជាពីការបែក បាក់ជាតិ និងបែងចែក ទឹកដី ទៅជាប្រទេសមានសុខសន្ដិភាព ស្ថិរភាព ប្រជាធិបតេយ្យ ធានាដល់ការរីកចម្រើនគ្រប់វិស័យ ហើយប្រជាជនរស់នៅក្រោមដំបូលសន្ដិភាពប្រកបដោយក្ដីសង្ឃឹម និងសុខក្សេមក្សាន្ដ។ ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្នមុនី ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាជននៅកម្ពុជា»។

ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងដឹងគុណដល់បងប្អូនកងទ័ព នាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ កងទ័ពគឺជាកម្លាំងការពារ ដ៏រឹងមាំសម្រាប់ការពារឯករាជ្យ បូរណភាពជាតិទឹកដី និងប្រជាជន។ សុខភាពរបស់កងទ័ព គឺជាការយកចិត្តទុកដាក់បំផុតរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ព្រោះកងទ័ពដែលមានសុខភាពល្អរឹងមាំ គឺជាធនធានដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិ ដែលមិនអាចខ្វះបាន។ ការការពារប្រសើរជាងព្យាបាល ការជ្រើសរើសឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព គឺជាការវិនិយោគដ៏ឆ្លាតវៃ ហើយត្រូវចាប់ផ្តើមពីពេលនេះ ពីពេលដែលយើងនៅមានសុខភាពល្អ ដើម្បីកាត់បន្ថយការឈឺ ពិការ និងសន្សំសំចៃថវិកាគ្រួសារ។

សូមកងទ័ពទាំងអស់ថែរក្សាសុខភាពជានិច្ច បរិភោគអាហារមានសុខុមាលភាព តិចខ្លាញ់ តិចអំបិល តិចស្ករ ចៀសវាងការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង ភេសជ្ជៈផ្អែម ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីបង្ការជំងឺមិនឆ្លងចម្បងៗ តួយ៉ាងដូចជា ជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ។ល។ សូមបងប្អូនទាំងអស់រស់នៅប្រកបដោយសុវត្ថិភាព និងអនុវត្តនូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ពីការកើតមានជំងឺឆ្លង ឬបញ្ហាសុខភាពផ្សេងៗ ដូចជាការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាមជាដើម និងបញ្ហាសុខភាព បណ្ដាលមកពីការពុលចំណីអាហារ ពុលស្រា ដោយរក្សាទម្លាប់រស់នៅស្អាត សំរាន្តក្នុងមុង ប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលបរិភោគ រក្សាទុកដាក់ និងទទួលទានចំណីអាហារមានសុត្ថិភាពល្អ និងបន្ទោរបង់ក្នុងបង្គន់ ព្រមទាំងអនុវត្តវិធានការសុវត្ថិភាព ដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន ដើម្បីបង្ការការឆ្លងជំងឺកាមរោគ អេដស៍ និងជំងឺឆ្លងផ្សេងៗទៀត។

ជាទីបញ្ចប់ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់នាយទាហាន ពលទាហាន អាជ្ញាធរមូលដ្ឋាន បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវ ក្នុងការសម្រេចនូវបុព្វហេតុជាតិ ការពារសន្តិភាព និងសុខុមាលភាពជូនប្រជាជន។ ក្នុងពេលជាមួយគ្នានេះ ខ្ញូំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមហ៊ុនសុខាអូតែល និងរីសត ដែលបានចូលរួមឧបត្ថម្ភ ជូនដល់កងពលតូចលេខ៥១ ដែលជាកាយវិការចែករំលែកមានអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងស្មារតីសាមគ្គីភាព សមរភូមិក្រោយជួយទំនុកបម្រុងសមរភូមិមុខ។

photo_2024-03-30_13-06-39 photo_2024-03-30_13-06-40 photo_2024-03-30_13-06-42 photo_2024-03-30_13-06-43 photo_2024-03-30_13-06-46 photo_2024-03-30_13-06-48 photo_2024-03-30_13-06-50 photo_2024-03-30_13-06-58 photo_2024-03-30_13-07-01 photo_2024-03-30_13-07-03 photo_2024-03-30_13-07-06 photo_2024-03-30_13-07-10 photo_2024-03-30_13-07-17 photo_2024-03-30_13-07-23 photo_2024-03-30_13-07-26 photo_2024-03-30_13-07-30 photo_2024-03-30_13-07-35

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយ ឯកឧត្តមសាស្ត្រាចារ្យ HA IL-Soo នាយកអង្គការ Korea Foundation for International Healthcare (KOFIH) និងលោក Song Yonggun ប្រធានប្រចាំប្រទេសកម្ពុជា និងក្រុមការងារ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយ ឯកឧត្តមសាស្ត្រាចារ្យ HA IL-Soo នាយកអង្គការ Korea Foundation for International Healthcare (KOFIH) និងលោក Song Yonggun ប្រធានប្រចាំប្រទេសកម្ពុជា និងក្រុមការងារ

នៅព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយ ឯកឧត្តមសាស្ត្រាចារ្យ HA IL-Soo នាយកអង្គការ Korea Foundation for International Healthcare (KOFIH) និងលោក Song Yonggun ប្រធានប្រចាំប្រទេសកម្ពុជា និងក្រុមការងារ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណ និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការជាដៃគូជាមួយអង្គការ KOFIH ចាប់តាំងពីឆ្នាំ២០១១កន្លងមក និងបានគូសបញ្ជាក់ថា គម្រោងរបស់ KOFIH ពិតជាបានគាំទ្រ និងជួយចំកន្លែងដែលមានតម្រូវការ មានលក្ខណៈច្បាស់លាស់ និងនិរន្តរភាព ក្នុងគោលដៅបម្រើផលប្រយោជន៍សុខុមាលភាពរបស់ប្រជាជនកម្ពុជា និងលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងគុណភាពសេវាសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ HA IL-Soo បានបញ្ជាក់អំពីជំហរពង្រឹកកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការពង្រឹងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គម្រោងពង្រឹងការគ្រប់គ្រងជំងឺឆ្លង និងការឆ្លើយតបបន្ទាន់តាមតំបន់ព្រំដែននៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ព្រមទាំងការពង្រីងវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈជំនួយបណ្តុះបណ្តាលធនធានមនុស្ស ក្រោមកម្មវិធីអាហារូបករណ៍ Dr LEE Jong-wook (LJWFP) និងគម្រោងលើកកម្ពស់គុណភាពការថែទាំបន្ទាន់ សម្រាប់គម្រោងថែទាំសម្ភព និងរោគស្ដ្រី និងការសង្គ្រោះទារកទើបនឹងកើត នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា (EmONC) រួមទាំង ការពង្រឹងសេវាថែទាំសុខភាព នៃអន្តរាគមន៍ដំបូង និងស្តារនីតិសម្បទាសម្រាប់ជនមានពិការភាពនៅប្រទេសកម្ពុជា ផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសសើរ និងលើកទឹកចិត្តឱ្យអង្គការ KOFIH ពង្រីកវិសាលភាពនៃគម្រោងដែលកំពុងអនុវត្តទៅកាន់បណ្តាខេត្តមួយចំនួនទៀត ព្រមទាំងបង្កើតគម្រោងបន្ថែម ជាពិសេសផ្នែកការថែទាំទារកទើបនឹងកើត ដើម្បីរួមចំណែកកាត់បន្ថយអត្រាមរណៈភាពទារកនិងកុមារនៅកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើ KOFIH បន្តគាំទ្រការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងមន្ទីរពេទ្យសាកលវិទ្យាល័យ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធអគារផ្នែកសម្ពព និងកុមារ និងប្រព័ន្ធបញ្ជូន ព្រមទាំងបន្តពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-03-29_13-24-41

photo_2024-03-29_13-15-32 photo_2024-03-29_13-15-35 photo_2024-03-29_13-15-37 photo_2024-03-29_13-15-38 photo_2024-03-29_13-15-50 photo_2024-03-29_13-15-51

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំប្រចាំខែនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើង និងកោតសរសើរនូវថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទូទាំងប្រទេស ជាពិសេសខេត្តមណ្ឌលគិរី ដោយបានទប់ស្កាត់សង្គ្រោះទាន់ពេលវេលា នូវបញ្ហាជំងឺពុលសាច់ឆៅទៅលើម្តាយ និងកូន ដែលមានរោគសញ្ញាឈានដល់សង្គ្រោះបន្ទាន់។

ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនទៅថ្នាក់ដឹកនាំធ្វើសេចក្តីរាយការណ៍សង្ខេបនូវការងារដែលខ្លួនទទួលបន្ទុក និងផែនការបន្ទាប់ ព្រមទាំងសមិទ្ធផលការងារដែលបានធ្វើកន្លងមក ក្នុងការពិនិត្យពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈម ឬចំណុចខ្វះខាតនានា និងសំណូមពររបស់មន្រ្តីនៅតាមមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមអនុវត្តពង្រឹងមូលដ្ឋានសុខាភិបាលដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត។

photo_2024-03-28_19-47-40 photo_2024-03-28_19-47-41 photo_2024-03-28_19-47-42 photo_2024-03-28_19-47-44 (2) photo_2024-03-28_19-47-44 photo_2024-03-28_19-47-45 photo_2024-03-28_19-47-48 photo_2024-03-28_19-47-51 photo_2024-03-28_19-47-52 photo_2024-03-28_19-47-56 photo_2024-03-28_19-48-02 photo_2024-03-28_19-48-04

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា( Aedes Albopictus) ដែលសហការរៀបចំឡើងដោយ វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា( Aedes Albopictus)  ដែលសហការរៀបចំឡើងដោយ វិទ្យាស្ថាន  ប៉ាស្ទ័រកម្ពុជា

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា ( Aedes Albopictus) រួមជាមួយ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ដែលបានសហការរៀបចំឡើងដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ បុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងអ្នកវិទ្យាសាស្ត្រជាតិ និងអន្តរជាតិ ចំនួន ១០១ រូប មកពី ២៣ប្រទេសមកចូលរួមក្នុងសន្និសីទនេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគួរបញ្ជាក់ថា គឺជាមោទនៈភាពដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា ( Aedes Albopictus) នេះជាលើកដំបូងដែលសន្និសីទមួយនេះធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ហើយជាលើកដំបូងដែលវាត្រូវបានរៀបចំដោយក្រុមការងារនៃបណ្តាញប៉ាស្ទ័រ។ ប្រភេទមូស Aedes albopictus ត្រូវបានគេស្គាល់ជាទូទៅថាជា មូសខ្លា គឺជាភ្នាក់ងារចម្លងដ៏សំខាន់មួយនៃជំងឺគ្រុនឈាម ជំងឺ Chikungunya និង ជំងឺ Zika នៅទូទាំងពិភពលោក និងជាភ្នាក់ងារបង្កជំងឺយ៉ាងហោចណាស់៤០ប្រភេទផ្សេងទៀត ដែលជាបញ្ហាចោទនៅក្នុងវិស័យសុខភាពសាធារណ។ សន្និសិទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងជារៀងរាល់២ឆ្នាំម្តង ដោយសង្កត់ធ្ងន់ទៅលើការសិក្សាស្រាវជ្រាវជុំវិញប្រធានបទដែលទាក់ទងនឹងប្រភេទមូសខ្លា (Aedes albopictus) ដូចជា ប្រព័ន្ធជីវសាស្ត្រ សមត្ថភាពក្នុងការចម្លងជំងឺ ការរាតត្បាត និងទម្រង់នៃការបំបែកខ្លួន និងតួនាទីរបស់វាដែលជាភ្នាក់ងារចម្លងបន្តក៏ដូចជាយុទ្ធសាស្ត្រថ្មីៗក្នុងការគ្រប់គ្រងការចម្លង និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនជាអនុសាសន៍ថា សូមសន្និសីទ្ធអន្តរជាតិរយៈពេលពីរថ្ងៃនេះ មានការពិភាក្សាឱ្យបានផុលផុស ព្រមទាំងនាំយកលទ្ធផលនៃការពិភាក្សានេះដើមី្បផ្តល់អត្ថប្រយោជន៍មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសហគមន៍ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះផងដែរ។ ព្រមជាមួយគ្នានេះ ឯកឧត្តម បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការរួមចំណែកសហការ គាំទ្រ និងបន្តពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានភាពធន់ និងរឹងមាំ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “ លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន”។

photo_2024-03-28_15-01-25 photo_2024-03-28_15-01-26 photo_2024-03-28_15-01-27 photo_2024-03-28_15-01-29 photo_2024-03-28_15-01-30 photo_2024-03-28_15-01-31 photo_2024-03-28_15-01-33 photo_2024-03-28_15-01-34 photo_2024-03-28_15-01-37 photo_2024-03-28_15-01-39 photo_2024-03-28_15-01-40

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ អតីតរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានគោរពជូនពរ សំដែងអំណរគុណ និងបញ្ជាក់នូវការដឹងគុណដ៏ជ្រាលជ្រៅ ក្នុងនាមបុគ្គលិកមន្ត្រីរាជការនៃក្រសួងសុខាភិបាលជូនឯកឧត្តមសាស្ត្រាចារ្យ ដែលឯកឧត្តមសុទ្ធជាអតីតសាស្ត្រាចារ្យដ៏ល្បីៗប្រឹងប្រែងបង្ហាត់បង្រៀន បណ្តុះបណ្តាល វេជ្ជបណ្ឌិតបានយ៉ាងច្រើនជំនាន់ជាបន្តបន្ទាប់ ក្នុងកាលៈទេសៈដែលប្រទេសជាតិទើបបានឆ្លងផុតពីសង្គ្រាមនៃរបបវាលពិឃាតខ្មែរក្រហម។ សូមគោរពជូនពរឯកឧត្តមសាស្ត្រាចារ្យ បន្តរក្សាបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរតរៀងទៅ។

photo_2024-03-27_22-07-24 (2) photo_2024-03-27_22-07-24 photo_2024-03-27_22-07-25 photo_2024-03-27_22-07-26 photo_2024-03-27_22-07-28 photo_2024-03-27_22-07-29 photo_2024-03-27_22-07-32 photo_2024-03-27_22-07-33

photo_2024-03-27_22-01-53

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកុមារជាតិ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នាយកមន្ទីរពេទ្យជាតិ និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរពេទ្យកុមារជាតិ ព្រមទាំងដៃគូអភិវឌ្ឍ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ដែលបានខិតខំផ្តល់សេវាព្យាបាលថែទាំជូនដល់អ្នកជំងឺទូទៅជាពិសេសស្ត្រី និងកុមារដោយស្មារតីទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថារយៈពេលមួយថ្ងៃនេះ អង្គសន្និបាតនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដែលបានមកពីការអនុវត្តជាក់ស្តែងរបស់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលដែលអាចយកទៅប្រើប្រាស់ជាចំណេះដឹងក្នុងការកែលម្អ និងរៀបចំផែនការការងាររបស់មន្ទីរពេទ្យនាឆ្នាំ២០២៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវខិតខំពង្រីកនូវសមិទ្ធិផលវិជ្ជមាបន្ថែមទៀត និងកាត់បន្ថយចំណុចអវិជ្ជមាន និងចំនុចខ្វះខាតដែលមាន។ ចំពោះសមិទ្ធិផលវិជ្ជមាន គឺត្រូវបង្កើនសម្ថភាពផ្តល់សេវាឱ្យកាន់តែមានគុណភាព ធ្វើឱ្យប្រជាជនកាន់តែមានភាពកក់ក្តៅមកលើការផ្តល់សេវាសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវទស្សនទានមួយចំនួនដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលនូវធាតុចូលយកទៅពិចារណាក្នុងការរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៤ មានជាអាទិ៍៖
១- ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង
២- លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់វេជ្ជបណ្ឌិត មន្ត្រី បុគ្គលិកមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ
៣- ពង្រឹងការគ្រប់គ្រង និងការបំពាក់បន្ថែមសម្ភារៈបរិក្ខារ ឱសថ ឆ្លើយតបទៅតាមបច្ចេកវិទ្យាវេជ្ជសាស្ត្រជាអាទិភាពទៅតាមសេចក្តីត្រូវការរបស់អ្នកជំងឺ
៤- យកចិត្តទុកដាក់ឱ្យបានខ្ពស់លើការគ្រប់គ្រងការផ្តល់សេវាជូនដល់ប្រជាជន និងកុមារឱ្យកាន់តែប្រសើរឡើង
៥- ពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងការងារយាមប្រចាំការក្នុងការផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ ក្នុង ១សប្តាហ៍ របស់មន្ត្រី បុគ្គលិកគ្រប់ផ្នែក
៦- ពង្រឹងលើការលើកកម្ពស់គុណភាព សុវត្ថិភាពក្នុងការព្យាបាលជំងឺ ពិសេសសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនងផ្សេងៗ
៧- ពង្រឹងការងារគ្រប់គ្រង និងអភិបាលកិច្ចលើគ្រប់ផ្នែកទាំងអស់របស់មន្ទីរពេទ្យ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូល មានសុខភាពល្អ កម្លាំងមាំមួន ចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីទទួលបាននូវលទ្ធផលផ្លែផ្កាទៅតាមកម្មវត្ថុដែលបានគ្រោងទុក និងសូមជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ។

photo_2024-03-27_12-26-27 photo_2024-03-27_12-26-29 (2) photo_2024-03-27_12-26-29 photo_2024-03-27_12-26-32 photo_2024-03-27_12-26-33 (2) photo_2024-03-27_12-26-33 photo_2024-03-27_12-26-34 photo_2024-03-27_12-26-37 photo_2024-03-27_12-26-39 photo_2024-03-27_12-26-43

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពី “ការដឹកនាំនិងលើកទឹកចិត្ត ក្រុមការងារប្រកបដោយប្រសិទ្ធិភាព” តាមប្រព័ន្ធវីដេអូសន្និសិទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពី “ការដឹកនាំនិងលើកទឹកចិត្ត ក្រុមការងារប្រកបដោយប្រសិទ្ធិភាព” តាមប្រព័ន្ធវីដេអូសន្និសិទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤៤៤នាក់ ដើម្បីពង្រឹងការដឹកនាំនិងគ្រប់គ្រងស្ថាប័នសុខាភិបាលដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសប្តាហ៍នេះវគ្គសិក្សាផ្តោតលើការដឹកនាំ និងការលើកទឹកចិត្តក្រុមការងារប្រកបដោយប្រសិទ្ធភាព ដែលមានគោលបំណងឱ្យថ្នាក់ដឹកនាំអង្គភាពសុខាភិបាលគ្រប់ឋានានុក្រមបានដឹងពីលក្ខណៈសំគាល់ ទាំង៨ របស់ក្រុមការងារដែលធ្វើការមានប្រសិទ្ធិភាព (Eight Characteristics of Effective Teams)ដែលរួមមាន ៖១) ក្រុមការងារមានគោលបំណងច្បាស់លាស់ ២) មានការចែករំលែកក្នុងភាពជាអ្នកដឹកនាំក្នុងក្រុម ៣) មានរចនាសម្ព័ន្ធសមល្មមសម្រាប់ធ្វើឱ្យការងារដំណើរការទៅមុខ ៤) បានកៀរគរការចូលរួមពេញលេញពីសមាជិកក្រុម ៥) ក្រុមការងារក្រសោបនិងផ្តល់តំលៃលើភាពខុសៗគ្នារបស់សមាជិកម្នាក់នៃក្រុម ៦) សមាជិកនៃក្រុមបន្តរៀនសូត្រពីអ្វីដែលកើតឡើងដោយមិនបានព្រាងទុកជាមុន ៧) សមាជិកនៃក្រុមប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក និង៨) សមាជិកសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំទាំងអស់យកទ្រឹស្តីនៃការដឹកនាំក្រុមការងារនេះ ធ្វើការឆ្លុះបញ្ចាំងទៅលើក្រុមការងារដែលមានស្រាប់ ដោយប្រើប្រាស់ឧបករណ៍វាយតំលៃកំលាំងរបស់ក្រុមសំដៅស្វែងរកការកែលំអរ ដើម្បីរៀបចំក្រុមការងារដែលផ្តោតលើការផ្តល់សេវាដែលមានគុណភាពដល់អតិថិជន និងសម្រាប់មន្រ្តីសុខាភិបាលក្រោមឱវាទ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

photo_2024-03-26_19-07-29photo_2024-03-26_18-53-26

photo_2024-03-26_18-53-26 (2)

photo_2024-03-26_18-53-27

photo_2024-03-26_18-53-27 (2)photo_2024-03-26_18-53-28 (2) photo_2024-03-26_18-53-28 photo_2024-03-26_18-53-29 photo_2024-03-26_18-53-31 photo_2024-03-26_18-53-33 photo_2024-03-26_18-53-34 photo_2024-03-26_18-53-36

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួងសុខាភិបាល

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សាលប្រជុំទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្រ្តីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួងសុខាភិបាល។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលពីឯកឧត្តម ស៊ុ សោភណ្ឌ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ប្រធានអង្គភាព និងមន្រ្តីរាជការនៅអង្គភាពថ្នាក់កណ្តាល ព្រមទាំងប្រតិភូនៃបេឡាជាតិរបបសន្តិសុខសង្គម។

ពិធីផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ គឺពិតជាមានសារៈសំខាន់ សម្រាប់ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល។

រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ឋសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាត្រីវិស័យបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែមានកំណើនសេដ្ឋកិច្ចរីកចម្រើន ក្នុងគោលដៅដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបន្ដអភិវឌ្ឍន៍និងពង្រីកប្រព័ន្ធគាំពារសង្គមឈរលើស្មាតី «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការពង្រីកវិសាលភាពគ្របដណ្ដប់ប្រជាពលរដ្ឋជាបណ្តើរៗ ប្រកបដោយសមធម៌ និងចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុមនៃសង្គមជាតិ។

ប្រព័ន្ធសន្ដិសុខសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្ដិសុខសង្គម ដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជន ក្នុងការបង្ការហានីភ័យហិរញ្ញវត្ថុ ពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល ឬធ្លាក់ចូលក្នុងភាពក្រីក្រដែលបណ្ដាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍) និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ នឹងជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់ នៅក្នុងមូលនិធិមួយដើម្បីការពារហានិភ័យទាំងអស់នេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការ ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជា និងក៏ដូចជាប្រព័ន្ធសន្ដិសុខសង្គមនៅកម្ពុជាឱ្យមានភាពរឹងមាំ ដូចតទៅ៖
– ចូលរួមអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតដ្ឋានគតិយុត្តទាំងអស់ដែលពាក់ព័ន្ឋនឹងរបបសន្តិសុខសង្គមដែលមានជាធរមាន ដើម្បីសំដៅធានាការលើកកម្ពស់សុខុមាលភាព និងអត្ថប្រយោជន៍មន្រ្តីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
– សូមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ទាំងអស់ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅទីតាំងសាខា ប.ស.ស. ដែលនៅជិតលោកអ្នកបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ពីសន្តិសុខសង្គម។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្ដិសុខសង្គម ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារៈកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទនៈជូនជាតិ និងប្រជាជន និងសូមកោតសរសើរចំពោះការចូលរួមអនុវត្តការងារពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រកបដោយការទទួលខុសត្រូវ និងបន្ដចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលថ្មីៗនេះ។

សូមគូសរំលេចផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្ដអនុវត្តនូវកម្មវិធីជំនួយសង្គមសំខាន់ៗមួយចំនួន រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កម្មវិធីអាហារូបករណ៍ថ្នាក់បឋមសិក្សា និងមធ្យម សិក្សាសម្រាប់កុមារមកពីគ្រួសារក្រីក្រ កម្មវិធីរបបគោលនយោបាយសម្រាប់ជនពិការក្នុងសហគមន៍ និងកម្មវិធីសាច់ប្រាក់ពលកម្មជាដើម។

photo_2024-03-26_12-58-30 photo_2024-03-26_12-58-32 photo_2024-03-26_12-58-33 photo_2024-03-26_12-58-34 photo_2024-03-26_12-58-35 photo_2024-03-26_12-58-38 (2) photo_2024-03-26_12-58-38 photo_2024-03-26_12-58-39 photo_2024-03-26_12-58-41 photo_2024-03-26_12-58-46 photo_2024-03-26_12-58-49 photo_2024-03-26_12-58-50

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំដែងការកោតសរសើរដល់គណៈកម្មការរៀបចំសន្និបាតសុខាភិបាលលើកទី៤៣ ដែលបានរៀបចំនាថ្ងៃទី១៨ និង១៩ មីនាកន្លងមក ដោយរក្សានូវបទពិសោធន៍ល្អៗ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងទទួលបានធាតុចូលសំខាន់ៗជាច្រើន ទាំងការកែលម្អនូវចំណុចខ្វះខាតទាំងឡាយ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីសម្រេចឱ្យបានលទ្ធផលតាមផែនការការងារសុខាភិបាលសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ តាមរយៈការអនុវត្តគោលនយោបាយនានាឱ្យទទួលបានជោគជ័យ ដោយព្យាយាមរកដំណោះស្រាយឱ្យបានល្អប្រសើរស្របទៅនឹងលទ្ធភាពហិរញ្ញប្បទានស្ថាប័ន ជាមួយនឹងការបង្កើនប្រសិទ្ធភាពការងារជាបន្តបន្ទាប់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងនាយកដ្ឋានជំនាញដែលចេញវិញ្ញាបនបត្របញ្ជាក់គុណភាពអ្វីមួយ ឧទាហរណ៍អំពីចំណីអាហារជាដើម និងផ្សេងៗ ត្រូវទៅពិនិត្យឱ្យបានជាក់លាក់មុននឹងចេញវិញ្ញាបនបត្រជូន និងយកចិត្តទុកដាក់ចំពោះកិច្ចការងារដែលខ្លួនត្រូវធ្វើ និងត្រូវធ្វើយ៉ាងណាសម្រេចការងារដែលខ្លួនទទួលបន្ទុកឱ្យខានតែបាន ដោយស្វះស្វែងរកគ្រប់មធ្យោបាយដែលល្អប្រសើរបំផុត។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានរលឹក និងបញ្ជាក់ជូនលំអិតបន្ថែមទៀតអំពីទស្សនៈទានវិស័យសុខាភិបាលដែលកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងបន្តធ្វើសំរាប់រយះពេលរហូត២៥ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រឹត។ ឯកឧត្តមសាស្រ្តាចារ្យ បានជូនពរ និងថ្លែងអំណរគុណ កោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាប់ជាប្រចាំ។

សូមបញ្ជាក់ផងដែរកិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ (Hybrid) ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការ នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។

photo_2024-03-25_17-44-14 photo_2024-03-25_17-44-15 photo_2024-03-25_17-44-16 (2) photo_2024-03-25_17-44-16 photo_2024-03-25_17-44-17 photo_2024-03-25_17-44-18 (2) photo_2024-03-25_17-44-18 photo_2024-03-25_17-44-19 photo_2024-03-25_17-44-22

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៤ ក្រោមពាក្យស្លោក«មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន»

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៤ ក្រោមពាក្យស្លោក«មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន»

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ឆ្នាំ២០២៤ ក្រោមពាក្យស្លោក «មែនហើយ! យើងអាច បញ្ចប់ជំងឺរបេង បាន» “Yes ! We Can End TB” ដែលប្រព្រឹត្ដទៅវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្ដកំពង់ធំ។

ទិវានេះ ក៏មានអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន បុត្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា, លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា, លោក ជួប សុខចំរើន ប្រធានគម្រោងខមីត និងជានាយកប្រតិបត្តិអង្គការ KHANA រួមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនទៀត។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងថា ថ្ងៃនេះពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាអធិបតីក្នុងពិធីប្រារឰទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៤ ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល រួមសហការជាមួយ អង្គការ KHANA។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានបន្ដថាការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឲ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងទៀតថា «ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់លើបញ្ហាជំងឺរបេង ដោយយើងមិនអាចមើលរំលងនូវចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អ នឹងនាំឲ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាព ដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា គឺអាស្រ័យលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗដែលជាអនាគតរបស់ប្រទេស»។ ម៉្យាងវិញទៀត ក្រសួងសុខាភិបាលបាន និងកំពុងចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន»។

ទន្ទឹមនឹងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី មានជំនឿថាប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះ បានសង្កត់ធ្ងន់ឲ្យពិភពលោកទាំងមូល មានជំនឿយ៉ាងមុតមាំថា យើងទាំងអស់អាចបញ្ចប់ជំងឺរបេងបាន ដោយយើងទាំងអស់គ្នារួបរួមបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឲ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប។

ឆ្លៀតក្នុងឱកាសនោះ តាងនាមឱ្យក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល។

ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងកក់ក្តៅផងដែរ ចំពោះការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត មន្ត្រីរាជការសុខាភិបាលរាជធានី ខេត្ត ស្រុកប្រតិបត្តិ ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវលើការងារកំចាត់រោគរបេង រហូតទទួលបានសមិទ្ធផលជាទីមោទនៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក អង្គការ USAID អង្គការ មូលនិធិសកល អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត ដែលបាននិងកំពុង ជួយឧបត្ថម្ភគាំទ្រដល់ការងារកំចាត់រោគរបេងគ្រប់លំដាប់ថ្នាក់ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានអានសារលិខិតទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាពិភពលោកកំចាត់រោគរបេងក្នុងឱកាសនោះផងដែរ។

photo_2024-03-22_13-46-31 photo_2024-03-22_13-46-35

photo_2024-03-22_13-47-15 photo_2024-03-22_13-46-36 photo_2024-03-22_13-46-39 photo_2024-03-22_13-46-52 photo_2024-03-22_13-46-53 photo_2024-03-22_13-46-59 photo_2024-03-22_13-47-15 (2) photo_2024-03-22_13-47-19

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ជប៉ុន ចំនួន០៧រូប

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ជប៉ុន ចំនួន០៧រូប

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង៣០នាទី នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ជប៉ុន ចំនួន០៧រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន រួមមាន៖ ផ្នែកទំនាក់ទំនងអន្តរជាតិ ផ្នែកវិស្វកម្មវិទ្យាសាស្ត្ររូបធាតុ ផ្នែកវិទ្យាសាស្ត្រឱសថ ផ្នែកសំណង់ស៊ីវិល ផ្នែកព័ត៌មានវិទ្យា ផ្នែកគ្រប់គ្រងធុរកិច្ច ផ្នែកសេដ្ឋកិច្ច ផ្នែកសិក្សាអប់រំ ផ្នែកគោលនយោបាយ និងរដ្ឋបាលសាធារណៈ។
ជាកិច្ចស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការ កោតសរសើរ ដល់និស្សិត ជ័យលាភីទាំង០៧រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាល ជប៉ុនទៅសិក្សានៅប្រទេសជប៉ុន និងសង្ឃឹមថាក្មួយៗ និស្សិតជ័យលាភីទាំងអស់ នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះចំនួន ១០ចំណុច ដល់និសិ្សតជ័យលាភីទាំង០៧រូប ដើម្បីរួមចំណែកដល់ការសិក្សា ឲ្យបានជោគជ័យដូចខាងក្រោម៖
១- ត្រូវសំឡឹងមើលឱ្យទូលាយ
២- សុំកុំបោះបង់
៣- ត្រូវបើកចិត្តឱ្យទូលាយ
៤- ត្រូវព្យាយាមធ្វើឱ្យបានប្រសើរ
៥- ត្រូវមានសុច្ឆន្ទៈ
៦- ត្រូវឈរនៅទីដែលវិជ្ជមានជានិច្ច
៧- ត្រូវបង្ហាញពីការខិតខំ
៨-ត្រូវរៀនពីបទពិសោធន៍
៩- ត្រូវមានសង្គតិភាព
១០- ត្រូវចេះលះបង់។

បន្ទាប់ពីទទួលបានអនុសាសន៍គន្លឹះដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និស្សិតទាំង០៧រូបក៍បានប្តេជ្ញាចិត្តនឹងខិតខំសិក្សាឲ្យបានពូកែ និងជោគជ័យយកចំណេះដឹងមកបម្រើជាតិមាតុភូមិវិញ។

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំ ក្រសួងសុខាភិបាលទាំងអស់ដែលបានចូលរួម និងជូនពរឱ្យក្មួយៗ និស្សិត ទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៍បានជូនសៀវភៅរបាយការណ៍សមិទ្ធផលសុខាភិបាលឆ្នាំ២០២៣ និងទិសដៅ ការងារឆ្នាំ២០២៤ និងឆ្នាំបន្ត របស់ក្រសួងសុខាភិបាលជូនដល់និស្សិតម្នាក់ៗ ចំនួនមួយក្បាលផងដែរ។

photo_2024-03-21_18-38-25 photo_2024-03-21_18-38-28 photo_2024-03-21_18-38-29 (2) photo_2024-03-21_18-38-29 photo_2024-03-21_18-38-31 photo_2024-03-21_18-38-34 (2) photo_2024-03-21_18-38-34 photo_2024-03-21_18-38-38 photo_2024-03-21_18-38-42 photo_2024-03-21_18-38-43

1 2 3 15