ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ បុគ្គលិកទាំងអស់ នៅទីស្តីការក្រសួងសុខាភិបាល

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ តាមអគ្គនាយកដ្ឋាន នាយកដ្ឋាន ការិយាល័យនានា នៅទីស្តីការក្រសួងសុខាភិបាល ដែលបានខិតខំបំពេញកាតព្វកិច្ចការងារបម្រើជូនជាតិ និងប្រជាពលរដ្ឋ តាមរយៈស្ថាប័នខ្លួន ដោយយកចិត្តទុកដាក់ខ្ពស់ និងបន្តខិតខំដោយឥតសំចៃក្នុងការអនុវត្តការងារក្នុងវិស័យសុខាភិបាល តាមជំនាញរបស់ខ្លួន ឱ្យកាន់តែរីកចំរើន និងកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ ត្រូវបន្តបំពេញភារកិច្ចរៀងៗខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវចេះស្រឡាញ់រាប់អានគ្នា ពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុង ដើម្បីចូលរួមគាំទ្រ និងសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តម របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបន្តទៀតថា សូមថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិកទាំងអស់ បន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពការងារតទៅមុខទៀត ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋ ធានាឱ្យបាននូវ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

photo_2023-08-31_18-23-58 photo_2023-08-31_18-23-59 photo_2023-08-31_18-24-00 photo_2023-08-31_18-25-09 photo_2023-08-31_20-04-55 photo_2023-08-31_20-04-56