នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក Sune Svenningsen ប្រធាននាយកប្រតិបត្តិរបស់ International SOS ប្រចាំប្រទេសសិង្ហបុរី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ជូន លោក Sune Svenningsen និងសហការី International SOS ដែលបានអញ្ជើញជួបពិភាក្សា ដើមី្បពិនិត្យលទ្ធភាពក្នុងការស្នើសុំកិច្ចសហការក្នុងការចូលរួមអភិវឌ្ឍសេវាថែទាំសុខភាពនៅព្រះរាជាណាចក្រកម្ពុជា តាមរយះគម្រោង និងបេសកកម្មទាំងឡាយរបស់ International SOS។
លោក Sune Svenningsen បានថ្លែងអបអរសាទរ និងជូនពរក្នុងឱកាសដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោក Sune Svenningsen បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថា International SOS គឺជាក្រុមហ៊ុនវេជ្ជសាស្ត្រដែលមានបទពិសោធន៍ជាង ៣៦ឆ្នាំ ក្នុងការគាំទ្រ និងបានផ្តល់សេវាកម្មជាច្រើនរួមមាន ព័ត៌មានសុខភាព និងហានិភ័យ (Health and Risk information) ការគាំទ្រផ្នែកថែទាំសុខភាព ជំនួយផ្នែកវេជ្ជសាស្រ្ដ ការជម្លៀសក្នុងគ្រាមានអាសន្ន និងមានលទ្ធភាពទូលំទូលាយក្នុងការធ្វើលទ្ធកម្មក្នុងការផ្គត់ផ្គង់ឱសថ និងសម្ភារបរិក្ខារវេជ្ជសាស្រ្តផ្សេងៗ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត International SOS បន្តពិភាក្សាលម្អិតជាមួយនឹងមន្ត្រីបច្ចេកទេស នៃក្រសួងសុខាភិបាល ដើមី្បជួយគាំទ្រការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ជាពិសេសសូមសិក្សាលើលទ្ធភាពក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ និងបញ្ជូនភ្ញៀវទេសចរនៅតំបន់ដាច់ស្រយាល ព្រមទាំងពិចារណាលើកិច្ចសហប្រតិបត្តិការដើមី្បឆ្លើយតបពេលមានគ្រោះអាសន្នធម្មជាតិដែលធ្វើឱ្យប៉ះពាល់ដល់សុខុមានលភាពរបស់ប្រជាជនកម្ពុជា។ ម៉្យាងវិញទៀត សូមឱ្យ International SOS មានការសហការជិតស្និទ្ធរបស់បុគ្គលិកជំនាញរបស់ខ្លួន ក្នុងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលសំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជា សកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ របស់រដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចឆ្លើយតប លោក Sune Svenningsen បានសន្យានឹងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការវិស័យវិនិយោគគិនលើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជម្រុញឱ្យសមាគមធុរកិច្ចសិង្ហបុរី សហការ និងបង្កើនទំនាក់ទំនងការងារជាមួយព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរ លោក Sune Svenningsen និងគណៈប្រតិភូទាំងអស់ សូមទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជា និងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសេចក្តីសុខសុវត្ថិភាព។