ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា

ទីស្តីការក្រសួងសុខាភិបាល៖ នៅព្រឹកថ្ងៃសុក្រ ០៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលសាធារណៈរដ្ឋឆែក តាមរយៈស្ថានទូតឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈគម្រោងគាំពារសុខភាពមាតា និងទារកនៅមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ និងជំនួយហេដ្ឋារចនាសម្ព័ន្ធ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តម ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនអំពីគម្រោងជំនួយបំពាក់សម្ភារៈ នៅមន្ទីរពេទ្យកុមារជាតិ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឆែក លើវិស័យសុខាភិបាល រួមមានការផ្តល់អាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលរួមគ្នា បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្ររវាងគ្រឹះស្ថានបណ្តុះបណ្តាលធំពីរ នៅប្រទេសកម្ពុជា គឺសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក ជាពិសេស ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2023-11-03_15-41-21 photo_2023-11-03_15-41-22 photo_2023-11-03_15-41-28 photo_2023-11-03_15-41-30 photo_2023-11-03_15-41-31 (2) photo_2023-11-03_15-41-31 photo_2023-11-03_15-41-32