ខេត្តតាកែវ៖ ថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកកោះអណ្ដែត និងមន្ទីរពេទ្យបង្អែកគិរីវង់ ជុំទី៣ ឆ្នាំ២០២៥ នៅខេត្តតាកែវ។
គោលបំណងបេសកកម្មផ្តោតសំខាន់លើការងារ៖ (១) ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែក គ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង (៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារ បរិក្ខារពេទ្យ ។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្តតាកែវ ដែលបានអនុវត្ត តាមការណែនាំ ក្រុមការងារសង្ខេតឃើញថា មានភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលជុំទី២ កាលពីចុងឆ្នាំ២០២៣ និង២០២៤ ហើយបញ្ហា ប្រឈមនៅសេសសល់ និងសំណូមពរបន្ថែម នឹងត្រូវ បានបន្តដោះស្រាយជាបន្តបន្ទាប់។
ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ និងសូមបួងសួងដល់ទេវតា និងវត្ថុសក្តិសិទ្ធទាំងអស់ក្នុងលោក តាមថែរក្សាមន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋទាំងអស់ សូមមានកម្លាំងមាំមួន សុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។
គួរបញ្ជាក់ផងដែរថាបេសកកម្មខាងលើមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តតាកែវ ប្រធានការិយាល័យស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកកោះអណ្ដែត និងមន្ទីរពេទ្យបង្អែកគិរីវង់។