សិក្ខាសាលាពាក់កណ្តាលឆ្នាំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ការពិនិត្យស្រាវជ្រាវ និងព្យាបាល ជំងឺមហារីកមាត់ស្បូន
October 24, 2024
ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា “ស្តីពីការពិនិត្យឡើងវិញលើការអនុវត្តកម្មវិធីពិនិត្យស្រាវជ្រាវ និងព្យាបាលជំងឺមហារីកមាត់ស្បូន” ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីឈានទៅសម្រេចបានគោលដៅដែលត្រូវបានកំណត់នៅក្នុងផែនការប្រចាំឆ្នាំនិងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ (H-EQIP 2) នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
១. ពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តកម្មវិធី និងស្វែងយល់ពីបញ្ហាប្រឈមនៅក្នុងឆមាសទី១ ឆ្នាំ២០២៤
២. ការគ្រប់គ្រងហិរញ្ញវត្ថុមូលនិធិសមិទ្ធិផលការងារផ្អែកលើលក្ខខណ្ឌ PBC សម្រាប់គម្រោង H-EQIP 2
៣. ពិភាក្សារួមលើចំណុចខ្លាំង និងចំណុចខ្សោយ សម្រាប់កម្មវិធីក្នុងខេត្តនីមួយៗ និងជំហានបន្ទាប់
៤. កំណត់សកម្មភាព និងរៀបចំផែនការថវិកាសកម្មភាពសម្រាប់ឆ្នាំ២០២៥។
សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដើម្បីផ្តល់ជូនសម្រាប់មន្ត្រីបង្គោលទទួលបន្ទុកកម្មវិធីមហារីកមាត់ស្បូន និងផ្នែកគណនេយ្យ អញ្ជើញមកពីមន្ទីរសុខាភិបាលខេត្តចំនួន២០ ការិយាល័យសុខាភិបាលស្រុប្រតិបត្តិ ៦១ នាយកដ្ឋានការពារសុខភាព នាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដែលមានចំនួនសរុប ២២៤នាក់។