កម្មវីធីបិទវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តនីតិវិធីលទ្ធកម្ម ក្រោមឥណទានសម្បទាន របស់រដ្ឋាភិបាលជប៉ុន (ODA Loan) នៃក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់
November 01, 2024
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់បានអញ្ជើញចូលរួមកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្ត និតិវិធីលទ្ធកម្មសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ ក្រោមឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន (ODA Loan) ជូនដល់មន្រ្តីអនុវត្តគម្រោង។
កម្មវីធីបិទវគ្គបណ្តុះបណ្តាលនេះ បានអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ្រប់គ្រងគម្រោង ឯកឧត្តមអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ក្រុមការងារគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៤ថ្ងៃ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីអនុវត្តគម្រោង ព្រមទាំងផ្តល់ចំណេះដឹងនិងចែករំលែកបទពិសោធន៍អំពីគោលការណ៍ និងនីតិវិធីរបស់ ODA Loan ក្នុងការវាយតម្លៃជ្រើសរើសក្រុមហ៊ុនទីប្រឹក្សា សម្រាប់ធ្វើការងាររចនាប្លង់ ជំនួយការងារលទ្ធកម្ម និងអភិបាលសំណង់មន្ទីរពេទ្យតំបន់ ក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម។
ឯកឧត្តមសាស្ត្រាចារ្យនាយកគម្រោងបានថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលតែងតែផ្តល់កិច្ចសហការណ៍ដ៏ជិតស្និទ្ធិក្នុងវិស័យសុខាភិបាល និងបានអញ្ជើញទីប្រឹក្សាជំនាញផ្នែកលទ្ធកម្មពីប្រទេសជប៉ុន មកបង្ហាត់បង្រៀននិងចែករំលែកបទពិសោធន៍ផ្ទាល់នៅកម្ពុជា ហើយវគ្គបណ្តុះបណ្តាលនេះគឺជាវគ្គលើកទី២ហើយ ដែលJICAបានផ្តល់ទីប្រឹក្សាជំនាញផ្នែកលទ្ធកម្មពីប្រទេសជប៉ុនមកប្រទេសកម្ពុជា ។
ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យនាយកគម្រោងក៏បានកោតសរសើរដល់ក្រុមការងារអនុវត្តគម្រោងនៃក្រសួងសុខាភិបាលផងដែរ ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងក្នុងការក្រេបជញ្ជក់ចំណេះដឹងនៃវគ្គបណ្តុះបណ្តាលនេះ និងទទួលយកបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្តកិច្ចលទ្ធកម្មក្នុងការវាយតម្លៃជ្រើសរើសក្រុមហ៊ុនទីប្រឹក្សា ប្រកបដោយអនុលោមភាព ប្រសិទ្ធិភាព និងតម្លាភាព។