សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០
November 05, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ចើញចូលរួមបើក “សិក្ខាសាលាពិគ្រោះយោបល់ លើ សេចក្ដី ព្រាង ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” ដែលរៀបចំឡើង ដោយក្រសួងសុខាភិបាល នៅសណ្ឋារគារភ្នំ ពេញ។
សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣រួមមាន៖
(១) ផ្ដួចផ្ដើមបង្កើតផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ ដើម្បីពង្រីកវិសាលភាពនៃការផ្ដល់សេវាសុខាភិបាល និងកាត់បន្ថយបន្ទុកនៃ ជំងឺមហារីក នៅប្រទេសកម្ពុជា
(២) ពិគ្រោះយោបល់ និងប្រមូលធាតុចូលសំខាន់ៗ ពីអ្នកបច្ចេកទេស និងអ្នកបង្កើតគោលនយោបាយពាក់ព័ន្ធជំងឺមហារីក ដើម្បីធានាអោយបាននូវ ផែនការជាតិ ប្រយុទ្ធ នឹងជំងឺមហារីក ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធ ផលខ្ពស់
(៣) លើកកំពស់សេវាសុខាភិបាល និងចូលរួមចំណែកក្នុងការសម្រេចអោយបាននូវការគ្របដណ្ដប់សុខភាពជាសកល (universal health coverage) និង គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (sustainable development goals) ស្រប តាម ផែនការយុទ្ធសាស្រ្តប ញ្ចកោណរបស់រាជរដ្ឋាភិបាល
សិក្ខាសាលានេះបានប្រពឹត្តទៅដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រីដែលជាប្រធាន ឬតំណាង នាយកដ្ឋាន ពាក់ព័ន្ធនៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធផ្សេងៗ ក៏ដូចជាមន្ត្រី បច្ចេកទេស ជាន់ខ្ពស់នៃក្រសួងសុខាភិបាលដែលពាក់ព័ន្ធនឹងផ្នែកមហារីក។