ខេត្តកំពង់ស្ពឺ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តម សាស្ត្រាចារ្យ ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ ចុះអភិបាលគាំទ្រនៅមន្ទីរពេទ្យខេត្តកំពង់ស្ពី មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង មន្ទីរពេទ្យបង្អែកគង់ពីសី និងមន្ទីរពេទ្យបង្អែកឧដុង្គ ដើម្បីពិនិត្យអំពីលំហូរ សេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងពិនិត្យនីតិវិធីស្តង់ដានៃប្រព័ន្ធ បញ្ជូនអ្នកជំងឺ។
ការចុះអភិបាលគាំទ្រផ្តោតទៅលើប្រព័ន្ធបញ្ជូនរួមមាន៖
១. បង្កើនទំនាក់ទំនងក្នុងប្រព័ន្ធបញ្ជូន រវាងមន្ទីរពេទ្យស្រុក និងខេត្ត ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលា
២. បណ្តុះបណ្តាលធនធានមនុស្ស ក្នុងផ្នែកសង្រ្គោះបន្ទាន់ និងក្រុមរថយន្តគិលានសង្រ្គោះ
៣. ការគ្រប់គ្រង និងថែទាំរថយន្តគិលានសង្គ្រោះ ត្រូវត្រួតពិនិត្យជាប្រចាំដោយត្រូវបង្កើត Logbook សម្រាប់រថយន្តគិលានសង្រ្គោះ ដើម្បីកត់ត្រាការប្រើប្រាស់ប្រេងឥន្ទនៈ ករណីបញ្ចូន និងត្រូវមានរបាយការណ៍ប្រចាំខែសម្រាប់ការបញ្ជូន
៤. ផ្នែកសង្គ្រោះបន្ទាន់ ត្រូវត្រួតពិនិត្យពីសម្ភារបរិក្ខាវេជ្ជសាស្ត្រ ឱសថ និងតម្រូវការរបស់ផ្នែក
៥. លើកកម្ពស់សមត្ថភាពក្រុមគ្រូពេទ្យ ផ្នែកសង្គ្រោះបន្ទាន់ ត្រូវបណ្តុះបណ្តាលបន្ត ដើម្បីទទួលបានគុណភាព ប្រសិទ្ធភាព នៃការអនុវត្តការងារចំគោលដៅ។
ឯកឧត្តមសាស្រ្តាចារ្យអនុរដ្ឋលេខាធិការ បានណែនាំអំពីការចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មាន ជាពិសេស ចំពោះអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺក្នុងសហគមន៍ ដើម្បីអន្តរាគមន៍ទាន់ពេលវេលា។
បេសកកម្មនេះ អមដំណើរដោយប្រធានការិយាល័យស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យកំពុងបម្រើការងារក្នុងផ្នែកសង្រ្គោះបន្ទាន់។