Cambodia
New Details

Image
កិច្ចប្រជុំស្តីពីការរៀបចំផែនការអន្តរាគមន៍សុខភាពផ្លូវចិត្ត ដើម្បីឆ្លើយតបនឹងគ្រោះអាសន្ននៅតាមព្រំដែន
September 07, 2025

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនការអន្តរាគមន៍សុខភាពផ្លូវចិត្ត ដើម្បីឆ្លើយតបនឹងគ្រោះអាសន្ននៅតាមព្រំដែន ។

សុខភាពផ្លូវចិត្ត ជាផ្នែកមួយដ៏សំខាន់ដូចនឹងសុខភាពផ្លូវកាយ សម្រាប់មនុស្សគ្រប់រូប គ្រប់វ័យ និងគ្រប់កាលៈទេសៈ។ របួសផ្លូវចិត្តមិនអាចមើលឃើញទេ ប៉ុន្តែវាអាចឋិតនៅជាមួយជនរងគ្រោះ ក្នុងរយៈពេលដ៏យូរ អង្វែង ហើយការព្យាបាលរបួសផ្លូវចិត្តក៏ត្រូវការចំណាយពេលវេលាដូចគ្នា។ អន្តរាគមន៍សុខភាពផ្លូវចិត្ត ក្នុងពេលមានគ្រោះអាសន្ន ទាមទារឱ្យមានកិច្ចសហការពហុវិស័យ មានការគាំទ្រគ្នាទៅវិញទៅមក ការសម្របសម្រួល និងការកៀរគរធនធាន ដើម្បីធ្វើការឆ្លើយតបធានាបាននិរន្តរភាព និងភាពធន់ក្នុងសហគមន៍។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ជួយកៀរគរធនធាន ដើម្បីគាំទ្រដល់ការកសាងផែនការអន្តរាគមន៍សុខភាពផ្លូវចិត្ត សម្រាប់ឆ្លើយតបនឹងគ្រោះអាសន្ននៅតាមព្រំដែន ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និងមានភាពបត់បែនបានគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរាជធានី ខេត្ត ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ  ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន មន្រ្តីទទួលបន្ទុកការងារសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃរដ្ឋបាលខេត្តតាមតំបន់ព្រំដែន និងខេត្តសៀមរាប ព្រមទាំងតំណាង ដៃគូរអភិវឌ្ឍ អង្គការពាក់ព័ន្ធ រួមមាន UNICEF Caritas CTRO EMDR Plan International TPO និង Jhpiego សរុបចំនួន ៤៣រូប ដោយមានការគាំទ្រថវិកាពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16