Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សាការងារ​ ដេីម្បីត្រៀមចូលរួម​ កិច្ចប្រជុំអង្គការសុខភាពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច
September 19, 2025

នារសៀលថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិភាក្សាការងារ ជាមួយ លោកស្រីវេជ្ជ្ជបណ្ឌិត Marianna Trias, WHO Representative និងក្រុមការងារបច្ចេកទេស WHO ស្តីពីកិច្ចប្រជុំត្រៀមចូលរួម “កិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច”  ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅសាធារណរដ្ឋហ្វីជី។

កិច្ចប្រជុំដ៏សំខាន់នេះ ដោយផ្តោតលើបញ្ហាសុខភាពដែលកំពុងប្រឈមមុខនឹងតំបន់ និងពិភពលោក ដោយមានការពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖​ ១)​ ការផ្លាស់ប្តូរប្រព័ន្ធថែទាំសុខភាពផ្លូវចិត្ត ដើម្បីតបនឹងបញ្ហាប្រឈមពិភពលោក​ ២)​ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើបញ្ហាសុខភាព និងការធ្វើឱ្យប្រព័ន្ធសុខភាពមានភាពធន់​ ៣)​ ការអនុវត្តច្បាប់សុខភាពអន្តរជាតិ (IHR) ៤)​ សុខភាពមាត់ធ្មេញ ៥)​ ការគ្រប់គ្រងគ្រឿងស្រវឹង និងថ្នាំជក់​។ លើសពីនេះ អង្គប្រជុំ ក៏បានពិភាក្សាការងារបច្ចេកទេស លើប្រធានបទដូចជា បញ្ហាទាក់ទងនឹង បញ្ហាសប្បនិម្មិត(AI) ក្នុងប្រព័ន្ធសុខភាព, ការគ្រប់គ្រងជំងឺលើសឈាម, ការវះកាត់ដែលមានសុវត្ថិភាព, និងការគ្រប់គ្រងការជក់បារី។

កម្ពុជានឹងចូលរួមចំណែកជាសកម្ម និងចែករំលែកបទពិសោធន៍ជាមួយនូវគោលនយោបាយជាតិ ជាពិសេសក្នុងវគ្គពិភាក្សាបច្ចេកទេសលើប្រធានបទ "ការវះកាត់ដែលមានសុវត្ថិភាព" ដោយបង្ហាញពីវឌ្ឍនភាព និងការខិតខំប្រឹងប្រែងក្នុងការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម និងការថែទាំវះកាត់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួម “កិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច”  ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា  ឆ្នាំ២០២៥ នៅសាធារណរដ្ឋហ្វីជី។

សូមបញ្ជាក់ដែរថា  ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ហាញពីការប្តេជ្ញាចិត្ត និងសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសុខភាពសកល និងកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាពប្រជាជន ដោយអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល និងការណែនាំរបស់អង្គការសុខភាពពិភពលោក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15