October 02, 2025
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការកំណត់គោលដៅសកម្មភាព នូវកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ដោយប្រើប្រាស់តេស្ត HPV នៅកម្ពុជា (Cervical Cancer Screening and Management using HPV Self-sampling in Cambodia) ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ២ (H-EQIP 2)។
នៅក្នុងកិច្ចប្រជុំ បានពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំ សម្រាប់ការចាប់ផ្តើមអនុវត្តកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ដោយប្រើប្រាស់តេស្ត HPV នៅក្នុងចំណោមខេត្តដែលបានជ្រើសរើស និងបង្ហាញផែនការសកម្មភាព សម្រាប់ការពិនិត្យរកជំងឺមហារីកមាត់ស្បូន។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល លោក លោកស្រី ជាអគ្គនាយករងបច្ចេកទេសសុខាភិបាល ប្រធានមន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខាភិបាលឌីជីថល មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងតំណាងធនាគារពិភពលោកប្រចាំកម្ពុជា ព្រមទាំងដៃគូហិរញ្ញប្បទាន និងក្រុមការងារពាក់ព័ន្ធ នៃគម្រោង H-EQIP 2។