ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារ នៅតាមមណ្ឌលសុខភាព ចំនួន១៨ ក្នុងស្រុកប្រតិបត្តិជើងព្រៃ, ព្រៃឈរ និងកោះសូទិន ខេត្តកំពង់ចាម។
ការចុះពិនិត្យជុំទី ២ នេះមានគោលបំណង៖
- ពិនិត្យ និងពង្រឹងការងារបម្រើសេវា នៅតាមមណ្ឌលសុខភាព ដោយអនុលោមតាមសំណុំសកម្មភាពអប្បរមា សំដៅធ្វើឱ្យបានកាន់តែល្អប្រសើរឡើង នូវការបម្រើសេវាជូនប្រជាពលរដ្ឋ។
- ជំរុញ និងបង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម ដោយការលើកកម្ពស់ការយល់ដឹង របស់ផ្នែកពាក់ព័ន្ធ និងតាមរយៈយន្តការពង្រឹងដំណើរការ នៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC)។
- តាមដាន និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តការងារ របស់មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព ព្រមទាំងពិនិត្យមើលគុណភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាលដែលបានអនុវត្តកន្លងមក។
- ប្រមូលព័ត៌មាន និងយោបល់ ដើម្បីរៀបចំផែនការអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៦ ។
ឆ្លៀតក្នុងថ្ងៃបញ្ចប់បេសកម្ម នាព្រឺកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម ទទួលបន្ទុកសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ព្រមទាំងអនុប្រធានមន្ទីរ ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៩ និងរៀបចំរបាយការណ៏និងបូកសរុបការងារ។
ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានរំលឺកឡើងវិញនូវគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានដាក់ចេញឱ្យអនុវត្តនូវផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល (UHC) សំដៅសម្រេចឱ្យបាននៅក្នុងឆ្នាំ២០៣៥ ដែលមានជាអាទិ៍ ការពង្រីកការគ្របដណ្ដប់សេវាសង្គមឱ្យបានដល់ ៨០% នៃប្រជាជនសរុប ការពង្រីកសេវាសុខភាពជាសារវន្តចំនួន ៨០% នៃប្រជាជនសរុប និងការកាត់បន្ថយការចំណាយប្រាក់ហោប៉ៅរបស់ប្រជាជនលើការថែទាំសុខភាពឱ្យសល់ត្រឹមតែ ៣៥%។
ក្នុងបេសកកម្មនេះ ក្រុមការងារ បានសង្កេតឃើញថាមណ្ឌលសុខភាព នៅខេត្តកំពង់ចាមភាគច្រើនកំពុងទទួលបាននូវការកោតសសើរពីប្រជាពលរដ្ឋ ដែលបានខិតខំបម្រើសេវាយ៉ាងយកចិត្តទុកដាក់ ពិសេសជាងនេះ ក្រោមកិច្ចសហការយ៉ាងសកម្ម និងការដឹកនាំយ៉ាងប៉ិនប្រសប់ របស់រដ្ឋបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តកំពង់ចាម ជាខេត្តដែលមានសក្តានុពលខ្ពស់គំរូក្នុងការអនុវត្តការងារជំរុញបង្កើនការថែទាំសុខភាពបឋម។
សូមបញ្ជាក់ថា ក្រុមការងាររួមដំណើររួមមាន៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ព្រមទាំងអនុប្រធានមន្ទីរ ប្រធានការិយាល័យស្រុកប្រតិបត្តិ អភិបាលរងស្រុក មេឃុំ ភូមិអាញ្ញាធរ មូលដ្ខាន ចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន ១៨ គឺ៖
១) កងតាណឹង ២)រកាអារ ៣)សូគង ៤)អង្គរបាន ៥)ព្រែកក្របៅ ៦)រកាគយ ៧)សូរសែន្យ ) ក្រូច ៩)ថ្មពូន ១០)គរ ១១)បារាយណ៍ ១) ជ្រៃវៀន ១៣)តុងរ៉ុង ១៤)ព្រៃឈរ២ ១៥)ក្រឡា ១៦)អំពិល ១៧)កោះសំរោង និង១៨)កោះសូទិន។