Cambodia
New Details

Image
វគ្គបណ្តុះបណ្តាលស្តីពី ការស្រាវជ្រាវមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់ថ្នាក់​រាជធានី ខេត្ត
October 07, 2025

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR)  បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលសម្រាប់ថ្នាក់រាជធានី ខេត្តលើកទី២ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។

ជាកិច្ចចាប់ផ្តើម លោកជំទាវសាស្រ្តាចារ្យ បានបង្ហាញពីសមិទ្ធផល​សង្ខេបរបស់គណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបចំនួន៣ រួមមាន៖ (១) រាល់ករណីមរណភាពមាតាទារក ត្រូវបានកំណត់អត្តសញ្ញាណ ប្រមូលព័ត៌មាន ពិនិត្យរួមគ្នា ធ្វើផែនការឆ្លើយតប តាមដាន និងរាយការណ៍មកថ្នាក់ជាតិ និងក្រសួងសុខាភិបាល ដោយម៉ត់ចត់ (២) គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ករណីមរណភាពមាតាចំនួន៣៦ ត្រូវបានរាយការណ៍ដែលមាននិន្នាការថយចុះបើប្រៀបធៀបនឹងឆ្នាំ២០២៤ (៣) កត្តាជោគជ័យនៃប្រព័ន្ធ MPDSR គឺពង្រឹងកិច្ចសហការណ៍ រវាងមន្ត្រីសុខាភិបាលទាំងអស់រួមមានផ្នែកសម្ភព ផ្នែកពោធនកម្មទារក ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកដាក់ថ្នាំសណ្តំ ក្រុមការងារកែលម្អរគុណភាពរបស់មន្ទីរពេទ្យ និងផ្នែកសុខភាពមាតាទារក របស់មន្ទីរសុខាភិបាល ដើម្បីរកឱ្យឃើញនូវមូលហេតុ និងធ្វើផែនការ​កែលម្អ​ដើម្បី​ទប់ស្កាត់ករណីមរណភាពនាពេលខាងមុខ។ 

ដើម្បីសម្រេចបាននូវបេសកកម្ម និងគោលដៅរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយមរណភាពមាតា និងទារក លោកជំទាវសាស្ត្រាចារ្យ បានអំពាវនាវដល់មន្ទីរសុខាភិបាល និងមន្ទីរពេទ្យរាជធានី ខេត្តរបាយការណ៍ករណីមរណៈមាតា និងទារកឱ្យបានទាន់ពេលវេលាមកគណៈកម្មការ MPDSR ថ្នាក់ជាតិ ទាំងរបាយកាណ៍បឋម (៣ម៉ោងក្រោយរាយការណ៌ជូនក្រសួងសុខាភិបាល) របាយការណ៍វិភាគ ៧២ម៉ោង​ និងរបាយការណ៍ក្រោយ ៧ថ្ងៃ ព្រមទាំងព័ត៌មានបានពីការចុះប្រមូល ពីសហគមន៌ក្នុងការណីចាំបាច់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ  ដោយមានការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដោយមានសិក្ខាកាមអញ្ជើញចូលរួមពីមន្ទីរពេទ្យខេត្តចំនួន ៥រួមមាន កំពង់ចាម កំពង់ធំ ក្រចេះ ស្វាយរៀង និងត្បូងឃ្មុំ សរុបចំនួន ៣៨រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8