Cambodia
New Details

Image
ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការអនុវត្តជាដំណាក់កាល នូវការប្រើកងមានជាតិថ្នាំដាពីវីរីន (Dapivirine) ដាក់ក្នុងទ្វារមាស ដើម្បីបង្ការការឆ្លងមេរោគអេដស៍ ក្នុងចំណោមស្ត្រីប្រឈមខ្ពស់ ក្នុងព្រះរាជាណាចក្រកម្ពុជា (DVR-PrEP)
October 10, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការអនុវត្តជាដំណាក់កាល នូវការប្រើកងមានជាតិថ្នាំដាពីវីរីន (Dapivirine) ដាក់ក្នុងទ្វារមាស ដើម្បីបង្ការការឆ្លងមេរោគអេដស៍ ក្នុងចំណោមស្ត្រីប្រឈមខ្ពស់ ក្នុងព្រះរាជាណាចក្រកម្ពុជា (DVR-PrEP) ។

ការប្រកាសដាក់ឱ្យសំណើរការ​ជាផ្លូវការនូវ សេវា ប្រឹពកង (DVR-PrEP) នេះ គឺជាផ្តល់ជាជម្រើសថ្មីមួយ ប្រកបដោយ នវានុវត្តន៍សម្រាប់ក្រុមប្រជាជនប្រឈមមុខ ជាពិសេសស្រ្តីដែលប្រឈម ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ហើយប្រទេសកម្ពុជាក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានដាក់ឱ្យដំណើរការសេវា DVR-PrEP នេះជាវិធីសាស្ត្រមួយ នៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងផ្តល់ជម្រើសច្រើនក្នុងការបង្ការ។ 

លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនទាក់ទងនឹងការអនុវត្តការផ្តល់សេវា DVR-PrEP ក៏ដូចជា សេវាបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ ដូចខាងក្រោម៖

១.​ ត្រូវយកចិត្តទុកដាក់ ផ្តល់សេវាដោយគ្មានការរើសអើង 

២.​ ត្រូវបង្កើនការផ្សព្វផ្សាយ និងការអប់រំ អំពីមេរោគអេដស៍ និងជំងឺកាមរោគ 

 ៣.​ ពង្រឹងគុណភាព នៃសេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺអេដស៍ និងកាមរោគ នៅតាមមូលដ្ឋានសុខាភិបាល

៤.​ សហការ គាំទ្រឱ្យមានការចូលរួម របស់បណ្តាញសហគមន៍ និងតំណាងក្រុមប្រឈម រួមទាំងស្ត្រី និងយុវវ័យ

៥.​ បង្កើនការធ្វើតេស្តរកមេរោគអេដស៍ និងបន្តពង្រឹងការអនុវត្តការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍

ក្នុងឱកាសនេះដែរ លោកជំទាវ បានគោរពថ្លែងអរគុណជូនចំពោះសម្តេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មន្ទីរសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាព  អង្គការដៃគូជាតិ និងអន្តរជាតិ រួមមានអង្គការ UNAIDS, WHO, US-CDC, FHI360/EpiC Project, KHANA, RHAC, CHAI, AHF, និងភ្នាក់ងារប្រទេសផ្តល់ជំនួយទាំងអស់ ដូចជា មូលនិធិសកល សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលីដែលបានផ្តល់ថវិកាក្រោមគម្រោង DFAT ព្រមទាំង បណ្តាញ អ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញក្រុមប្រឈម ដែលបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។ 

ពិធីនេះ មានការចូលរួមពី លោកស្រី Patricia Ongpin ប្រធានអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី ​និងលោកស្រី Kirsty Harris ទីប្រឹក្សាផ្នែកអភិវឌ្ឍន័ នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម សុផៃ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ចំនួន ៧៣រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17