ខេត្តកំពង់ចាម៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី សេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។
គោលបំណងវគ្គបណ្តុះបណ្តាល៖
១) ពង្រឹងចំណេះដឹង ជំនាញសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងការបញ្ជូនអ្នកជំងឺ ដើម្បីវាយតម្លៃស្ថានភាពអ្នកជំងឺ ឈានទៅរកការគ្រប់គ្រងស្ថានភាពជំងឺបានល្អប្រសើរ។
២) ស្តារនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ ពីកន្លែងកើតហេតុទៅមូលដ្ឋានសុខាភិបាល ដើម្បីកំណត់អាទិភាព ក្នុងការប្រើប្រាស់ឧបករណ៍បរិក្ខារសង្គ្រោះ
៣) លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ ក្នុងការបម្រើសេវាថែទាំ ព្យាបាលស្របតាមស្តង់ដាអន្តរជាតិ
៤) បង្កើនសមត្ថភាពគ្រូបង្គោល ទាំងសមត្ថភាពគ្រប់គ្រង ការបង្ហាត់បង្ហាញ និងការដឹកនាំក្នុងការអនុវត្ត នៅមូលដ្ឋានបម្រើការងារផ្ទាល់ ក៏ដូចជាក្នុងសហគមន៍
៥) ធានាការអនុវត្តន៍គោលការណ៍ច្បាប់ និងគោរពលើសិទ្ធិរបស់អតថិជន។
ថ្លៃងក្នងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍សំខាន់មួយចំនួនដូចជា៖
១-ធនធានមនុស្ស គឺជាចំណុចគន្លឹះក្នុងការអភិវឌ្ឍន៍ ពិសេសផ្នែកសង្គ្រោះបន្ទាន់ សង្គ្រោះបឋម គឺជាឆ្អឹងខ្នងរបស់មន្ទីរពេទ្យ ដែលតម្រូវមានទាំងជំនាញសង្គ្រោះ ទាំងការប្រើប្រាស់ម៉ាស៊ីន ឧបករណ៍សម្ភារៈឱ្យបានស្ទាត់ជំនាញ
២-កិច្ចសហការជាក្រុម (Teams Work) ក្នុងការអនុវត្តការងារ ព្រមទាំងកត់ត្រា និងចែករំលែកព័ត៌មាន បានច្បាស់លាស់ ពីក្រុមមួយទៅក្រុមមួយទៀត ដើម្បីទាញទំនុកចិត្តពីអ្នកជំងឺ
៣-រក្សាទំនាក់ទំនាក់ជាមួយគ្រូឧទ្ទេស ដើម្បីពិភាក្សា ចែករំលែក និងមតិយោបល់ជំនាញលើករណីសង្គ្រោះ ដើម្បីសុវត្ថិភាពអ្នកជំងឺ។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើបទបង្ហាញជាទ្រឹស្ដីចំនួន៣ថ្ងៃ ការអនុវត្តលើម៉ានីកាំង និងការចុះអនុវត្តផ្ទាល់ នៅផ្នែកសង្រ្គោះបន្ទាន់ និងជាមួយរថយន្តគិលានសង្គ្រោះ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ចំនួន២ថ្ងៃ ក្រោមការដឹកនាំដោយគ្រូឧទ្ទេសថ្នាក់ជាតិ មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងក្រុមការងារសម្របសម្រួលពីនាយកដ្ឋានមន្ទីរពេទ្យក្រសួងសុខាភិបាល និងមានអ្នកចូលរួមមកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក នៃខេត្តស្ទឹងត្រែង ខេត្តកណ្តាល និងខេត្តកំពង់ចាម សរុបចំនួន ៤៤រូប។