សិក្ខាសាលា ស្តីពីការពិនិត្យលើសេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសុខាភិបាល (លើកទី២)
November 21, 2024
ខេត្តមណ្ឌលគិរី៖ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពបើកអង្គសិក្ខាសាលា ស្តីពីការពិនិត្យលើសេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំ
ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសុខាភិបាល (លើកទី២) ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងប្រមូលធាតុចូលចុងក្រោយ ដើម្បីក្រុមការងារក្រសួងសុខាភិបាល មានលទ្ធភាពក្នុងការរៀបចំបញ្ចប់នូវ សៀវភៅគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសុខាភិបាល និងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងចុះហត្ថលេខាដាក់ឱ្យអនុវត្ត នាពេលឆាប់ៗខាងមុខនេះ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី និងលោក លោកស្រី ជាសិក្ខាកាមដែលអញ្ជើញមកពីនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គាធិការដ្នាន អង្គភាពលទ្ធកម្ម សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអង្គភាពថ្នាក់កណ្តាលទាំងអស់។