រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បត៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និង លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ជុំទី៤ ឆ្នាំ២០២៥។
គោលបំណងបេសកកម្មផ្តោតសំខាន់លើការងារ៖ (១) ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង (៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលបានអនុវត្ត តាមការណែនាំរបស់ក្រុមការងារក្រសួង បានឱ្យឃើញថាមានភាពប្រសើរជាងមុន បើធៀបនឹងលទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែករាជធានី ជុំទី៣ កន្លងមកកាលពីចុងឆ្នាំ២០២៤ ហើយបញ្ហាប្រឈមនៅសេសសល់ និងសំណូមពរបន្ថែម នឹងត្រូវបានបន្តដោះស្រាយជាបន្តបន្ទាប់។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ ថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងសូមបួងសួងដល់ទេវតា និងវត្ថុសក្តិសិទ្ធទាំងអស់ក្នុងលោកតាមថែរក្សាមន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋទាំងអស់ សូមមានកម្លាំងមាំមួន សុខភាព និងសម្រេចជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាក់ផងដែរថា បេសកកម្មនេះមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។