សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីណែនាំប្រតិបត្តិសម្រាប់អភិវឌ្ឍមន្ទីរពេទ្យថ្នាក់តំបន់ និងមន្ទីរពេទ្យបង្អែកក្នុងរាជធានី ខេត្ត
December 11, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិនៃក្រសួងសុខាភិបាល(គ.ថ.ព.វ.ជ.) បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីណែនាំប្រតិបត្តិសម្រាប់ អភិវឌ្ឍមន្ទីរពេទ្យថ្នាក់តំបន់ និងមន្ទីរពេទ្យបង្អែកក្នុងរាជធានី ខេត្ត នៅសណ្ឋាគារ អេនីកផាសេស។
សិក្ខាសាលារយៈពេលពីរថ្ងៃនេះ មានគោលបំណងពិនិត្យពិគ្រោះផ្តល់ធាតុចូលលើ សេចក្តីណែនាំប្រតិបត្តិសម្រាប់អភិវឌ្ឍមន្ទីរពេទ្យថ្នាក់តំបន់ និងមន្ទីរពេទ្យបង្អែកក្នុងរាជធានី ខេត្ត អំពីតម្រូវការធនធានមនុស្សគ្រប់ជំនាញ គ្រប់កម្រិត កញ្ចប់សេវាវេជ្ជសាស្រ្ត កញ្ចប់សេវាគាំទ្រ និងការងារគ្រប់គ្រងមន្ទីរពេទ្យសម្រាប់មន្ទីរពេទ្យថ្នាក់តំបន់ និងមន្ទីរពេទ្យបង្អែកកម្រិត៣ កម្រិត២ កម្រិត១ ក្នុងរាជធានី ខេត្ត ដើម្បីធានាបាននូវការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សក្តិសិទ្ធិភាពផ្អែកលើភស្តុតាង ដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំសេចក្តីណែនាំសម្រាប់អភិវឌ្ឍមន្ទីរពេទ្យបង្អែក ថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក មន្ត្រីរាជការនៃក្រសួងសុខាភិបាល អគ្គនាយកនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាយក នាយករង មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ប្រធាន អនុប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត តំណាងក្រុមការងារបច្ចេកទេសទាំង៧ចំណុះគ.ថ.ព.វ.ជ. ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែករាជធានី ខេត្ត តំណាងអង្គការសុខភាពពិភពលោក អង្គការ FHI360/EQHA អង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធ គណៈវិជ្ជាជីវ:សុខាភិបាល សរុបចំនួន ១៥០ រូប។