Cambodia
New Details

Image
កិច្ចប្រជុំស្តីពី ការពង្រឹងប្រសិទ្ធភាព ការអនុវត្តការងារពិនិត្យមរណភាពមាតា និងទារក ជុំវិញ​កំណើត​ និង​ការ​ឆ្លើយតបថ្នាក់ជាតិ និងគណៈកម្មការថ្នាក់មន្ទីរពេទ្យកាល់ម៉ែត
November 03, 2025

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការពង្រឹងប្រសិទ្ធភាពការអនុវត្តការងារពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើតនិងការឆ្លើយតបថ្នាក់ជាតិ និងគណៈកម្មការ MPDSR ថ្នាក់មន្ទីរពេទ្យកាល់ម៉ែត។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តការងារ ពិនិត្យមរណភាពមាតា និង​ទារក ជុំវិញកំណើតនិងការឆ្លើយតប ស្វែងយល់ពីមូលហេតុដែលនាំឱ្យ​មាន​ការយឺតយ៉ាវទាំង៣ លើកកម្ពស់គុណភាពពាក់ព័ន្ធការយឺតយ៉ាវទាំង៣ និងរៀបចំផែនការលើកកម្ពស់​គុណភាពសេវា​សម្ពពកាន់​តែមាន​ប្រសិទ្ធភាពខ្ពស់។

ជាកិច្ចចាប់ផ្តើម លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ពីភាពជោគជ័យការងារ MPDSR រួមមាន គណ​នេយ្យភាព (Accountability) ការទុកចិត្ត ឬការមិនស្តីបន្ទោសគ្នា (No Blame Culture) និង​កិច្ច​សហការណ៍​រវាងបុគ្គលិកសុខាភិបាលទាំងអស់ដែលពាក់ព័ន្ធ (ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ ផ្នែក​សម្ភព ផ្នែក​ប្រពោធនកម្មទារក ផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែកថ្នាំសណ្តំ និងផ្នែកកែលម្អរ​គុណភាព​របស់​មន្ទីរ​ពេទ្យ)។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ ទទួលបន្ទុកគុណភាពសេវាមន្ទីរពេទ្យ ក៏បានលើកបង្ហាញពីការគាំទ្រ និងបន្តជំរុញការអនុវត្តន៍ភារៈកិច្ច របស់គណៈកម្មការ MPDSR ជាតិ ដែលបាន និងកំពុង​បំពេញកិច្ចការរបស់ខ្លួនយ៉ាងសកម្ម ម៉ត់ចត់ត្រឹមត្រូវ មានការទទួលខុសត្រូវខ្ពស់ក្នុងការវិភាគ លើករណីអសកម្ម​នានា ជាពិសេសការយឺតយ៉ាវទាំង៣ដំណាក់កាល និងយកមកជាការចងក្រងបណ្តុះបណ្តាលជាបន្តបន្ទាប់។ ទស្សនៈវិជ្ជានៃការងារ MPDSR គឺសែ្វងរកចំណុច​អសកម្ម​​នានាជាយថាហេតុ ជាពិសេសការយឺតយ៉ាវទាំង៣ដំណាក់កាល ដោយសំដៅចងក្រងជាបទពិសោធន៍យកមកចៀសវាង (ផលអវិជ្ជមាន ដែលបានកើតមានឡើង) ដែលជាការ​ជួយបច្ចេកទេសពាក់ព័ន្ធ និងវិទ្យាសាស្រ្តការពារសុខភាពមាតា និង​ទារកជុំវិញកំណើត។ 

លោកជំទាវសាស្រ្តាចារ្យ ​ប្រធានអង្គប្រជុំ បានបន្តក្រើនរំលឹកដល់សមាជិក MPDSR ជាតិ ទាំង​អស់​ អនុវត្ត​ឱ្យ​បា​ន​ខ្ជាប់ខ្ជួននូវភារកិច្ច​៖ (១) រៀបចំរបាយការណ៍ករណីមរណភាពមាតា និងទារកមក គណៈកម្មការ MPDSR ជាតិ កាន់តែសុក្រឹត ប្រកបដោយគរុកោសល្យ (២) កាន់តែខិតខំស្វែងយល់ពីករណីអសកម្ម​នានា ជាពិសេស​ការយឺតយ៉ាវ​ទាំង៣​ដំណាក់​កាល (៣) ពិនិត្យ និងវិភាគរៀបចំផែនការកែលម្អចំណុចអសកម្ម​ទាំងនោះ​ (៤)​ តាមដានការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់ និង(៥) មន្ទីរពេទ្យជាតិត្រូវបន្ត​ជួយដល់មន្ទីរពេទ្យថ្នាក់ក្រោមជាតិ ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីលើផ្នែកបច្ចេកទេស។

កិច្ចប្រជុំនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយ​តប​ថ្នាក់​ជាតិ ដោយមានការចូលរួមពី ឯកឧត្តម​សាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការ​ជាតិពិនិត្យ​មរណភាពមាតា និង​ទារក​ជុំវិញ​កំណើត និងការឆ្លើយតបជាតិ គណៈកម្មការមន្ទីរពេទ្យកាល់ម៉ែត និងអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA សរុបចំនួន ៣៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12