សាធារណរដ្ឋហ្វីលីពីន៖ ចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៣៩ នៃក្រុមប្រឹក្សាភិបាល របស់អង្គការបញ្ឈប់ជំងឺរបេង ( 39th Stop TB Partnership Board Meeting ) ដែលបានប្រព្រឺត្តទៅ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កិច្ចប្រជុំបានផ្តោតសំខាន់ចំណុចសំខាន់មួយចំនួនរួមមាន៖ (១)ពិនិត្យមើលស្ថានភាពនៃជំងឺរបេងពិភពលោក រាប់ទាំងទិន្នន័យចុងក្រោយ ព្រមទាំងសង្កត់ធ្ងន់លើសកម្មភាពជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហា (២)ផ្តល់ព័ត៌មានដល់សមាជិក នៃក្រុមប្រឹក្សាភិបាល របស់អង្គការ Stop TB Partnership និងអ្នកចូលរួមអំពីបញ្ហាប្រឈម ដើម្បីបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០ (៣)ពិភាក្សាអំពីកិច្ចប្រឹងប្រែង និងសកម្មភាពចាំបាច់ សម្រាប់រយៈពេលនៅសល់ ៥ឆ្នាំទៀត ដើម្បីសម្រេចបានគោលដៅ បញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០ និងរៀបចំផែនការ ដើម្បីកំណត់គោលដៅ ឆ្នាំ២០៣៥ (៤)ពិភាក្សាពីស្ថានភាពធនធានថវិកា ពិសេសនៅបណ្តាប្រទេសដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ និងរិះរកមធ្យោបាយ ដើម្បីបង្កើនថវិកា សម្រាប់បញ្ចប់ជំងឺរបេង (៥ )ពិនិត្យពិភាក្សាលើយុទ្ធសាស្ត្របញ្ចប់ជំងឺរបេង ក្នុងបរិបទនៃសុខភាពសកល ( Global Health) សម្រាប់អង្គការ Stop TB Partnership និង(៦) ដាក់ចេញនូវផែនការសកម្មភាពជាយុទ្ធសាស្ត្រ សម្រាប់ឆ្នាំ ២០២៦ និងឆ្នាំបន្ត។
សូមបញ្ជាក់ថាកិច្ចប្រជុំនេះ រៀបចំដោយអង្គការ Stop TB Partnership សហការជាមួយ ក្រសួងសុខាភិបាល នៃប្រទេសហ្វីលីពីន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រតិភូសុខាភិបាល ប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាភិបាល របស់អង្គការ Stop TB Partnership តំណាងអង្គការ WHO តំណាងអង្គការមូលនិធិសកល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងតំណាងដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកជំនាញឯកទេស និងអ្នកពាក់ព័ន្ធព្រមទាំងតំណាងមកពីភាគីពាក់ព័ន្ធដ៏ទៃទៀត មកពីប្រទេសចំនួន ៤៧ ជុំវិញពិភពលោក សរុបមានចំនួន១៨០រូប។