រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត របស់អគ្គាធិការដ្ឋាន ក្រសួងសុខាភិបាល។
បន្ទាប់ពីបានស្ដាប់របាយកាណ៍វឌ្ឍនភាពការងារ ប្រចាំខែកន្លងមករបស់អគ្គាធិការដ្ឋាន ឯកឧត្ដមសាស្ត្រាចារ្យ បានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ព្រមទាំងផ្សព្វផ្សាយបន្ថែមពីខ្លឹមសារ នៃឯកសារក្របខណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច របស់រាជរដ្ឋាភិបាល ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋានក្រសួងសុខាភិបាល ដែលមានខ្លឹមសារដូចខាងក្រោម៖
១. អគ្គាធិការដ្ឋាន មានភារកិច្ចធ្វើអធិការកិច្ចក្នុងវិស័យសុខាភិបាល នៅគ្រប់មូលដ្ឋានសុខាភិបាលរដ្ឋ និងឯកជន ព្រមទាំងត្រួតពិនិត្យផ្ទៃក្រៅ ដែលជាអង្គភាពមិនស្ថិតក្រោមរចនាសម្ព័ន្ធ ក្រសួងសុខាភិបាល។
២.អគ្គាធិការដ្ឋានត្រូវរៀបចំស្តង់ដារប្រតិបត្តិឱ្យបានកាន់តែប្រសើរឡើង និងរៀបចំផែនការអធិការកិច្ច ដោយផ្អែកលើអភិក្រមត្រឹមត្រូវ
៣.បន្តពង្រឹងសមត្ថភាពបន្ថែម តាមរយៈការស្រាវជ្រាវឯកសារច្បាប់ បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងការងារអធិការកិច្ច ព្រមទាំងបន្តបណ្ដុះបណ្ដាលផ្ទៃក្នុងលើជំនាញអធិការកិច្ច
៤.បន្តស្វែងយល់បន្ថែមពីកម្រិតស្តង់ដារ និងវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ ដោយឈរលើសច្ចភាព តម្លភាព និងការទទួលខុសត្រូវលើកិច្ចការអធិការកិច្ច រាល់ពេលដែលមានបាតុភាពកើតឡើង
៥.ត្រូវចូលរួមសហការ ឱ្យបានកាន់តែល្អជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេសគណៈវិជ្ជាជីវៈ និងត្រូវមានភាពក្លាហានរាល់ការចុះស្រាវជ្រាវបាតុភាព មានភាពច្បាស់លាស់ និងប្រកបដោយក្រមសីលធម៌
៦.បន្តពង្រឹងការសរសេររបាយការណ៍អធិការកិច្ចកាន់តែលឿន ដើម្បីទាន់សភាពការណ៍ ព្រមទាំងមានការសន្និដ្ឋានរួមមួយឱ្យគ្រប់ជ្រុងជ្រោយ និងមានភាពយុត្តិធម៌
៧.ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញការងារប្រកបដោយគុណភាព សុក្រឹតភាព ភាពស្អាតស្អំ និងយុត្តិធម៌ដើម្បីឱ្យអគ្គាធិការដ្ឋានកាន់តែមានភាពខ្លាំង។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្ដមសាស្ត្រាចារ្យ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គាធិការដ្ឋាន ដែលបានខិតខំប្រឹងប្រែង និងសម្រេចបានលទ្ធផលល្អប្រសើរជាច្រើនកន្លងមក។