Cambodia
⬆️ 0%
New Details

Image
វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តគោលការណ៍ណែនាំជាតិ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ ដែលផ្តោតលើការអង្កេតចំណុចប្រេវ៉ាឡង់(PPS)
December 25, 2024

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាគណៈអធិបតី និងបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តគោលការណ៍ណែនាំជាតិ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ២០១៩ ដែលផ្តោតលើការអង្កេតចំណុចប្រេវ៉ាឡង់ (PPS) ដល់ក្រុមការងារគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។ 

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ ក្នុងគោលបំណងធំចំនួន៤ (១)បញ្ជ្រាប និងបណ្តុះបណ្តាលគោលនយោបាយនៃកម្មវិធីក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងមន្ទីរពេទ្យ (២)ពង្រឹងចំណេះដឹងបន្ថែមលើការរៀបចំ គ្រប់គ្រងតាមដាន និងការវាយតម្លៃការងារ (៣)ប្រើប្រាស់នូវឯកសារ និងគោលការណ៍ណែនាំសម្រាប់ការបណ្តុះបណ្តាលទៅលើAMS ក្នុងស្ថាប័នសុខាភិបាល (៤)ប្រើប្រាស់ Piloting PPS  និងបង្កើនផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តAMS ដើម្បីឈានដល់ការគ្រប់គ្រងឱសថប្រឆាំងមេរោគក្នុងការព្យាបាល ថែទាំអ្នកជំងឺប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ និងគោលដៅចុងក្រោយចូលរួម កាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៅព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ សហការជាមួយមន្ទីរពេទ្យជាតិ តេជោសន្តិភាព និងឧបត្ថម្ភដោយអង្គការKHANA, អង្គការ ICARS ។

Image 1
Image 2
Image 3