Cambodia
New Details

Image
ការចុះពិនិត្យស្ថានភាពមណ្ឌលសុខភាពចំនួន១០ ក្នុងខេត្តបន្ទាយមានជ័យ (ជុំទី២)
November 16, 2025

ខេត្តបន្ទាយមានជ័យ : ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាព វឌ្ឍនភាពសេវាសុខាភិបាលថ្នាក់ មណ្ឌលសុខភាព ចំនួន១០ ក្នុងខេត្តបន្ទាយមានជ័យ។

ការចុះពិនិត្យនេះ ដើម្បីជួយគាំទ្រជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការបម្រើសេវាថែទាំ និងព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសមធម៌ ដោយផ្តោតទៅលើចំណុចសំខាន់ៗរួមមាន៖

១-ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងនៅជុំវិញមណ្ឌលសុខភាព

២-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ មធ្យោបាយសេវាបញ្ជូននិងទំនាក់ទំនង

៣-ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារបរិក្ខារពេទ្យ

៤-ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

៥-ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍

៦-ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ

៧-ជំរុញ បង្កើនការថែទាំសុខភាពបឋម ( PHC-BIF )។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណ ដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

សូមបញ្ជាក់ផងដែរថា មណ្ឌលសុខភាពទាំង១០ ដែលបានចុះពិនិត្យរួមមាន៖ មណ្ឌលសុខភាពស្រះរាំង មណ្ឌលសុខភាពគោកបល្ល័ង្គ មណ្ឌលសុខភាពណាំតៅ មណ្ឌលសុខភាពពន្លៃ២ មណ្ឌលសុខភាពទានកាំ មណ្ឌលសុខភាពពន្លៃ មណ្ឌលសុខភាពភ្នំដី មណ្ឌលសុខភាពស្ពានស្លែង មណ្ឌលសុខភាពទឹកជោរ និងមណ្ឌលសុខភាពសំបួរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18