Cambodia
⬆️ 0%
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសទទួលជួប និងពិភាក្សាការងារជាមួយប្រតិភូស្ថានទូតសហរដ្ឋអាមេរិកដឹកនាំដោយ លោកស្រី Bridgette L. Walker ៖ "កិច្ចសហប្រតិបត្តិការទ្វភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា”
January 08, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជួប សម្តែងការគួរសម និងពិភាក្សាការងារ។ 


ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហអាមេរិក ដែលបានផ្តល់ជំនួយសហប្រតិបត្តិការដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វភាគី នៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិ នៃសហរដ្ឋអាមេរិក ជាដើម ដែលបានសហការចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក។ 


ជាកិច្ចឆ្លើយតប លោកស្រីភារៈធារី បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិកដូចជា គម្រោងរៀបចំផែនការយុទ្ធសាស្តជាតិសម្រាប់ស្រាវជ្រាវ និងបង្ការស្ត្រី និងកុមារពីការពុលនៃលោហៈធាតុធ្ងន់(Lead Free Partnership) គម្រោងសន្តិសុខសុខភាពសកល និងគម្រោងកិច្ចព្រមព្រៀងស្រាវជ្រាវ និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង ព្រមទាំងបានស្នើសុំឱ្យប្រធានទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនីមួយៗ ជម្រាបជូនពីផែនការសកម្មភាពសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ លោកស្រី Joyce Neal ប្រធាន US-CDC បានជម្រាបជូនពីគម្រោងនៃកិច្ចសហប្រតិបត្តិការបន្ត និងជម្រាបជូនជាពិសេសថា ជោគជ័យលើការគ្រប់គ្រងជំងឺ H5N1 គឺជាមោទនភាពដ៏ធំធេងរបស់កម្ពុជា ក៏ដូចជា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា (US-CDC) ហើយការងារនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរបស់សភាសហរដ្ឋអាមេរិក”។


ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងថា “កិច្ចសហប្រតិបត្តិការទ្វភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា” និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការរួមចំណែកគាំទ្រវិស័យសុខាភិបាល រហូតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស នាពេលកន្លងមក ពេលបច្ចុប្បន្ន ព្រមទាំងបានបញ្ជាក់ជំហរយ៉ាងមោះមុតក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19