ខេត្តឧត្តរមានជ័យ៖ ពីថ្ងៃទី១៨ ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារ បច្ចេកទេសសេវាសុខភាពបឋម នៅតាមមណ្ឌលសុខភាព ក្នុងខេត្តចំនួន១៣ និងជាប្រធានក្រុមការងារ អភិវឌ្ឍន៍ និងគ្រប់គ្រងការអនុវត្ត ក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (PHC-BIF) បានចុះបំពេញបេសកកម្ម នៅខេត្តឧត្តរមានជ័យ។
ក្នុងដំណើរបេសកកម្មនេះ ក្នុងគោលបំណងសំខាន់ៗ រួមមាន៖
១. ចូលរួមកិច្ចប្រជុំស្តីពី «ការជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ក្នុងខេត្តឧត្តរមានជ័យ»
២. ពិនិត្យ និងកែលម្អការងារបម្រើសេវា សំដៅពង្រឹងគុណភាពសេវា នៅតាមមណ្ឌលសុខភាព តាមរយៈការពិនិត្យការអនុវត្តសំណុំសកម្មភាពអប្បរមា (MPA) ការពង្រឹងអភិបាលកិច្ច ជំរុញដំណេីរការ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងការជំរុញការអនុវត្តការងារប្រកបដោយនវានុវត្តន៍ ក្នុងនោះមានការបញ្ចូលទិន្នន័យស្របតាមបច្ចេកវិទ្យា។
កិច្ចប្រជុំការជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានរៀបចំឡើងដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីឯកឧត្តមស៊ឹម ស៊ូយ៉េង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវមុំ ពុទ្ធិតា អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន និងអនុប្រធានមន្ទីរសុខាភិបាល ក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម “ក.ជ.ថ.ស.ប” ថ្នាក់ខេត្ត និងថ្នាក់ក្រោមជាតិ ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងតំណាងអង្គការដៃគូ សរុបចំនួន ៧០នាក់។ គោលបំណងសំខាន់ៗ និងទិសដៅសំខាន់ៗ នៃកិច្ចប្រជុំបានផ្តោតលើការរិះរកយុទ្ធសាស្ត្រ និងវិធានការណ៍នានា ដើម្បីពង្រឹងការថែទាំសុខភាពបឋម បង្កើនគុណភាពសេវា តាមដានផែនការឆ្នាំ ២០២៥ ដោយពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តផែនការឆ្នាំ ២០២៥ របស់មន្ទីរសុខាភិបាលខេត្ត និងលើកទឹកចិត្តឲ្យសម្រេចបានតាមគោលដៅយុទ្ធសាស្ត្រដែលបានកំណត់។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត និងក្រុមការងារ ក៏បានឆ្លៀតចុះទៅដល់មណ្ឌលសុខភាព នៅតាមបណ្តោយផ្លូវព្រំដែន ដើម្បីត្រួតពិនិត្យ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល ដែលប្រចាំការនៅជួរមុខ និងបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ការបំពេញកាតព្វកិច្ចយ៉ាងម៉ឹងមាត់ ក្នុងការបម្រើសេវាសុខាភិបាលជាប្រចាំ និងជួយដល់ប្រជាពលរដ្ឋរងគ្រោះនៅទីនោះផងដែរ។ សូមជម្រាបផងដែរ មណ្ឌលសុខភាពនៅតាមតំបន់ព្រំដែនមានចំនួន៩ រួមមាន មណ្ឌលសុខភាព អំពិលសែនជ័យ, អូរស្មាច់, សែនមនោរម្យ ១និង២, រំដួលសែនជ័យ, តាមាន់សែនជ័យ, តេជោថ្មដូន, ហាលៀមសែនជ័យ, សំរោងសែនជ័យ និងមណ្ឌលសុខភាពគោកភ្លុក ត្រូវបានផ្អាកដំណើរការកំឡុងពេលវាយប្រហារ និងត្រូវបើកដំណើរការឱ្យប្រើប្រាស់ឡើងវិញជាប្រក្រតីចំនួន៧ និង ២ទៀតរួមមានមណ្ឌលសុខភាព តេជោថ្មដូន និងតាមាន់សែនជ័យ មិនទាន់បានបើកឱ្យដំណើរការវិញនៅឡើយ។ មណ្ឌលសុខភាព តាមាន់សែនជ័យត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងទៅលើអាគារទាំងស្រុង បច្ចុប្បន្នក្រុមគ្រូពេទ្យប្រចាំការបានប្រើប្រាស់តង់បណ្តោះអាសន្នដើម្បីបម្រើសេវាកម្មសុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ដោយឡែក មណ្ឌលសុខភាព តេជោថ្មដូន ទទួលរងផលប៉ះពាល់តិចតួច ប៉ុន្តែដោយទីតាំងស្ថិតនៅកៀកតំបន់ព្រំដែនខ្លាំងពេក ទើបអាជ្ញាធរមិនអនុញ្ញាតិ្តឱ្យមានការប្រើប្រាស់ជាបណ្តោះអាសន្នដើម្បីសុវត្ថិភាព។
សូមបញ្ជាក់ថា ក្រុមការងារបានចុះទៅត្រួតពិនិត្យ ណែនាំ និងជំរុញការកែលម្អមណ្ឌលសុខភាពចំនួន ៥កន្លែង ក្នុងខេត្តឧត្តរមានជ័យ រួមមាន៖ មណ្ឌលសុខភាពចុងកាល់, ដូនកែវ, ពង្រ, សំរោង, សែនមនោរម្យ១និង២, តាមាន់សែនជ័យ និងមណ្ឌលសុខភាព គោកមនសែនជ័យ។