រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស
ឆ្នំារោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នំា២០២៥
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា
រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងដោយ មានការចង្អុលបង្ហាញពីឯកឧត្តមសាស្រ្តាចារ្យ កុយ
វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរង ហេង សុទ្ធី
អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាគណៈអធិបតី នៃពិធីបើកវគ្គបណ្តុះបណ្តាលអំពី
"ការអនុវត្តគោលការណ៍ណែនាំជាតិ
ស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ ២០១៩
ដែលផ្តោតលើការអង្កេតចំណុចប្រេវ៉ាឡង់"
ដល់ក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
និងការបង្កើតផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តកម្មវិធីការគ្រប់គ្រងឱសថប្រឆាំងមេរោគក្នុងការព្យាបាល
ថែទាំអ្នកជំងឺប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។ វគ្គបណ្តុះបណ្តាលនៅនឹងកន្លែងនេះ
មានរយ:ពេល២ថ្ងៃ ដែលមានគោលបំណង៖
- លើកកម្ពស់គុណភាព សុវត្ថិភាពប្រសិទ្ធភាព និងគណនេយ្យភាព
ដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ឱសថ ប្រឆាំងមេរោគ
- លើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថក្នុងការចេញវេជ្ជបញ្ជា
និងអនុវត្តការចែកចាយឱសថប្រឆាំងមេរោគ ជាអាទិ៍ឱសថអង់ទីប៊ីយ៉ូទិកប្រកបដោយតម្លាភាព
សន្សំសំចៃការចំណាយមិនចាំបាច់លើឱសថប្រឆាំងមេរោគ ជាពិសេសដើម្បីកសាងសមត្ថភាព
ការអនុវត្តល្អរបស់មន្រ្តីសុខាភិបាលនៃនៅមជ្ឈមណ្ឌលជាតិគាំពារ មាតានិងទារក
ដោយការប្រើប្រាស់ឱសថប្រឆាំងមេរោគប្រកបដោយសនិទានភាព តក្កភាព និងធ្វើឱ្យប្រសើរ
នូវគុណភាព លទ្ធផលសុខភាពរបស់អ្នកជំងឺ ដែលមកទទួលសេវាសុខាភិបាល
នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
- ចូលរួមកាត់បន្ថយការកើនឡើងបន្តការរីកសាយភាពស៊ាំនៃឱសថប្រឆាំងមេរោគនៅព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមដោយ
ឯកឧត្តមសាស្រ្តាចារ្យ គុំ កាណាល់ លោកស្រីសាស្រ្តាចារ្យ គឹម រ័ត្ននា
នាយកនៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក លោកសាស្រ្តាចារ្យ កឹម សាវួន
អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ តំណាងអង្គការ KHANA អង្គការ FHI និងគ្រូសម្របសម្រួល ពីមន្ទីរពេទ្យ
មិត្តភាពកម្ពុជា-ចិន ព្រះកុសុម: មន្ទីរពេទ្យកុមារជាតិមន្ទីរពេទ្យតេជោសន្តិភាព
មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ត្រីរាជការ និងសិក្ខាកាម
ដែលជាក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
សរុបចំនួន ៥១រូប(ប្រុស៣០រូប)។