ខេត្តកំពត៖ ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ្រប់គ្រងគម្រាងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាបូកសរុបប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាល កម្រិត២ ដែលរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ។
សិក្ខាសាលាមានគោលបំណង៖
១. ពិនិត្យវឌ្ឍនភាព និងបញ្ហាជួបប្រទះក្នុងការអនុវត្តសកម្មភាពកែលម្អគុណភាពសេវាសុខាភិបាលឆ្នាំ២០២៥ និងស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់ការអនុវត្តនៅឆ្នាំ២០២៦
២. ចែករំលែកបទពិសោធន៍ក្នុងការងារលើកកម្ពស់គុណភាព នៅថ្នាក់មន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកខេត្ត ស្រុក មណ្ឌលសុខភាព និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ
៣. ពង្រឹងនូវការអនុវត្តសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាលកម្រិត២ សម្រាប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ខេត្ត
៤. ផ្សព្វផ្សាយសេចក្តីណែនាំ សម្រាប់ការអនុវត្តយន្តការជាតិតាមដានបង្កើនគុណភាពសេវាសុខាភិបាល ឆ្នាំ២០២៦
៥. ពង្រឹងនូវការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការស្ទង់មតិអំពីការពេញចិត្តរបស់អតិថិជនចំពោះសេវាសុខាភិបាល។
ក្នុងឱកាសបើកអង្គសិក្ខាសាលានេះ ឯកឧត្តមវេជ្ជបណ្ឌិត បានណែនាំដូចតទៅ៖
១. ពង្រឹងយន្តការវាយតម្លៃគុណភាពសេវាសុខាភិបាល ដែលមាន៣ដំណាក់កាល៖ ក. ការវាយតម្លៃដោយខ្លួនឯងរបស់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ខ. ការវាយតម្លៃពីខាងក្រៅដោយក្រុមអ្នកវាយតម្លៃថ្នាក់ការិយាល័យស្រុកប្រតិបត្តិ និងថ្នាក់មន្ទីរសុខាភិបាល គ. ការវាយតម្លៃផ្ទៀងផ្ទាត់ពីទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ។ ទាំងអស់នេះគឺមានគោលដៅរួមតែមួយ គឺពង្រឹងគុណភាព និងសុវត្ថិភាព នៃគុណភាពសេវាឱ្យបានល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋយើង
២. សូមយកទិន្នន័យដែលទទួលបានពីការវាយតម្លៃគុណភាពសេវានេះ ទៅធ្វើការវិភាគលម្អិត និងរៀបចំផែនការកែលម្អឱ្យបានជាក់លាក់
៣. ការពេញចិត្តរបស់អតិថិជន (អ្នកជំងឺ គ្រួសារអ្នកជំងឺ)៖ ពិន្ទុជាមធ្យមលើសពី៨០% ក្នុងនោះមាន៧សំណួរ ដែលផ្តោតលើការយល់ឃើញរបស់អតិថិជនទៅលើគុណភាព នៃសេវាសុខាភិបាល។
ឯកឧត្តមវេជ្ជបណ្ឌិត បានលើកទឹកចិត្តដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ឱ្យណែនាំដល់អតិថិជន ក្នុងការស្កេន QR កូដ ឱ្យបានច្រើន ដើម្បីចូលរួមក្នុងការកែលម្អគុណភាព និងសុវត្ថិភាពសេវាសុខាភិបាល។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សរុបចំនួន ១០៨រូប ដែលអញ្ជើញមកពីថ្នាក់ជាតិ រាជធានី ខេត្ត ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងអង្គការដៃគូអភិវឌ្ឍន៍។