Cambodia
⬆️ 0%
New Details

Image
ជំនួបពិភាក្សាការងារជាមួយអង្គការ Northwest Medical Volunteers មកពីសហរដ្ឋអាមរិក
January 09, 2025

នៅរសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបអង្គការ Northwest Medical Volunteers (NWMV) ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ Craig Murakami នាយកអង្គការ North West Medical Volunteers មកពីសហរដ្ឋអាមរិក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យ Craig Murakami នាយកអង្គការ North West Medical Volunteers ដែលបានចុះមកបំពេញបេសកកម្មរបស់ខ្លួនលើកទី១៤ នៅកម្ពុជា ដោយកន្លងមកអង្គការបានចាប់ផ្តើមចុះមកបំពេញបេសកកកម្មវះកាត់ជូនអ្នកជំងឺកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦ ដែលបានផ្តល់ការវះកាត់ជូនអ្នកជំងឺកម្ពុជាបានចំនួនប្រមាណ ៣៥៨ករណី ដោយបានធ្វើការសហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងអង្គការស្នាមញញឹមកម្ពុជា។

លោកសាស្ត្រាចារ្យ Craig Murakami នាយកអង្គការ North West Medical Volunteers បានជម្រាបជូនអង្គប្រជុំថា កាលពីដំបូងឡើយអង្គការជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តមនុស្សធម៌ ដែលមានឈ្មោះថាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Face to Face។ នៅឆ្នាំ២០១៧ ទើបបង្កើតទៅជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់កម្រៃ ដែលមានឈ្មោះថា អង្គការ Northwest Medical Volunteers ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺអញ្ជើញមកពីទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលក្រុមគ្រូពេទ្យ សុទ្ធសឹងតែជាសាស្ត្រាចារ្យដែលមានជំនាញវះកាត់ នៃសកលវិទ្យាល័យ Stanford និងសកលវិទ្យាល័យ Virginia Mason Medical Center។ លោកសាស្ត្រាចារ្យ Craig Murakami បានបន្ថែមទៀតថា បេសកកម្មរបស់អង្គការមានផ្តល់សេវាវះកាត់ Facial Deformities ដោយសាររបួស ជំងឺមហារីក និងជំងឺមកពីកំណើត ដូចជា ពិការស្លឹកត្រចៀក (Microtia) បបូរមាត់ឆែប (Cleft lip) និងឆែបក្រអូម (Cleft Palate)

បេសកកម្មលើកនេះជាបេសកកម្មលើកទី១៤ ដែលមានរយៈពេល ៦ថ្ងៃ គឺចាប់ថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គ្រោងនឹងធ្វើការវះកាត់ជូនអ្នកជំងឺចំនួន ៥០នាក់ ដោយក្នុងនោះមានអ្នកជំងឺដែលមានពិការស្លឹកត្រចៀក (Microtia) ចំនួន ២២នាក់ អ្នកជំងឺបបូរមាត់ឆែប (Cleft lip) និងឆែបក្រអូម (Cleft Palate) ផងដែរ។ កន្លងមកអង្គការ ក៏ធ្លាប់បានបរិច្ចាគ ឱសថ បរិក្ខារពេទ្យ ម៉ាស៊ីន Anesthesia ម៉ាស៊ីន Flexible Endoscope, Craniofacial Plating System, Surgical drill, Microscopes, Pulse Oximeters, និង Vital Equipment ដ៏ទៃទៀត ជូនមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងអង្គការស្នាមញញឹមកម្ពុជាផងដែរ។ អង្គការគ្រោងនឹងធ្វើការសហការជាមួយសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងការផ្តល់វគ្គបណ្តុះបណ្តាល Simulation Skills សម្រាប់និស្សិតឯកទេសសោភ័ណសល្យសាស្ត្រឆ្នាំទី២ និងឆ្នាំទី៣ ដើម្បីអនុវត្តការវះកាត់ នៅក្នុងបន្ទប់បង្ហាញត្រាប់។

ក្នុងនាម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ អង្គការ North West Medical Volunteers ជាពិសេស លោកសាស្ត្រាចារ្យ Craig Murakami នាយកអង្គការ ដែលបានចុះមកបំពេញបេសកកម្មមនុស្សធម៌នៅកម្ពុជា ក៏ដូចជាគាំទ្រគ្រូពេទ្យកម្ពុជា ហើយនិងបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក្នុងការថែទាំអ្នកជំងឺពីកំណើត និងអ្នកជំងឺរងរបួស Facial Deformities ផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ពីគោលជំហរគាំទ្រអង្គការ North West Medical Volunteers ដែលមានបំណងសហការជាមួយសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងការផ្តល់វគ្គបណ្តុះបណ្តាល Simulation Skills សម្រាប់និស្សិតឯកទេសសោភ័ណសល្យសាស្ត្រឆ្នាំទី២ និងឆ្នាំទី៣ ដើម្បីអនុវត្តការវះកាត់ នៅក្នុងបន្ទប់បង្ហាញត្រាប់ ព្រមទាំងបានលើកទឹកចិត្តអង្គការសហការរៀបចំ Curriculum សម្រាប់ការបណ្តុះបណ្តាលជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ និងឯកទេសច្បាស់លាស់បន្ថែមទៀតស្របតាមការវិវឌ្ឍនៃបច្ចេកទេសសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6