រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំក្រុមការងារគម្រោងចូលរួមត្រួតពិនិត្យ និងប្រគល់-ទទួល សម្ភារឧបករណ៍វេជ្ជសាស្រ្ត សម្រាប់មន្ទីរពេទ្យបង្អែកស្រុកទាំង ៦១កន្លែង នៅឃ្លាំងឱសថកណ្ដាល (CMS) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងឃ្លាំងឱសថកណ្ដាល(CMS) និងតំណាងមន្រ្តីដែលពាក់ព័ន្ធ។
ក្រុមការងារបានត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ទៅលើគុណភាព និងលក្ខណៈបច្ចេកទេស នៃសម្ភារឧបករណ៍ទាំងនោះ ដោយឃើញថាសមស្របទៅតាមស្តង់ដា និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាបាននូវការប្រើប្រាស់ នៅតាមមន្ទីរពេទ្យបង្អែកប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព។
ឯកឧត្តមប្រធាន បានគូសបញ្ជាក់បន្ថែមទៀតថា ឧបករណ៍វេជ្ជសាស្រ្តទាំងនេះ នឹងត្រូវដំឡើង និងបំពាក់នៅតាមមន្ទីរពេទ្យបង្អែកស្រុកទាំង ៦១កន្លែង និងចែកជូនទៅមន្ទីរពេទ្យបង្អែកស្រុកដទៃទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីលើកកម្ពស់នូវសេវាវះកាត់ និងសេវាសង្គ្រោះបន្ទាន់ នៅតាមមូលដ្ឋានសុខាភិបាល ឱ្យកាន់តែមានភាពប្រសើរឡើង។
ជាចុងក្រោយ ឯកឧត្តមប្រធានគ្រប់គ្រងគម្រោង បានថ្លែងអំណរគុណ ដល់សមាជិកក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ ឧបករណ៍វេជ្ជសាស្រ្តទាំងនេះ ដើម្បីរួមចំណែកក្នុងការលើកស្ទួយ និងពង្រឹងគុណភាព ក្នុងវិស័យសុខាភិបាលប្រទេសកម្ពុជា។