រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាគមវិទ្យាសាស្ត្រសុខាភិបាលកម្ពុជាទាំង២៣ និងគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ ដែលមានការចូលរួមដោយប្រធាន និងអគ្គលេខាសមាគម និងគណៈវិជ្ជាជីវៈនៅទីស្តីការក្រសួងសុខាភិបាល។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ ដល់សមាគមវិទ្យាសាស្ត្រសុខាភិបាលកម្ពុជាទាំង២៣ និងគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ ដែលបាន និងកំពុងចូលរួមយ៉ាងសកម្ម និងផុលផុសជាមួយក្រសួងសុខាភិបាលក្នងការខិតខំកសាង និងរក្សាធនធានមនុស្សសុខាភិបាល ជំរុញនិងលើកទឹកចិត្ត ការបណ្តុះបណ្តាលបន្ត តាមដាននិងចូលរួមធានាអោយបានការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្រមវិជ្ជាជីវៈ សុវត្ថិភាព និងប្រសិទ្ធិភាព គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។
ពិធីសំណេះសំណាលនេះ គឺផ្តោតលើការពិភាក្សាជុំវិញបញ្ហាសំខាន់ៗដូចជា៖
១) ការបង្កើនស្មារតីវិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាល
២) ការគ្រប់គ្រងការអនុវត្តវិជ្ជាជីវៈ ឱ្យមានប្រសិទ្ធភាព
៣) ពិភាក្សាអំពីការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ និងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព
៤) ពិចារណាបញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យសុខាភិបាល និង
៥) កិច្ចសហការរវាងក្រសួងសុខាភិបាល ជាមួយសមាគមវិទ្យាសាស្ត្រសុខាភិបាល និងគណៈវិជ្ជាជីវសុខាភិបាលទាំងអស់។
ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ ក៏បានរំលឹកអំពីបេសកកម្ម និងតូនាទីរបស់សមាគមវិទ្យាសាស្ត្រសុខាភិបាល និងគណៈវិជ្ជាជីវៈសុខាភិបាល ដែលដើរតួជាទីសំខាន់ក្នុងការចូលរួមគាំទ្រដល់យុទ្ធសាស្រ្តជាអាទិភាពរបស់ក្រសួងសុខាភិបាល រួមមាន៖
១-ការពង្រឹងសមត្ថភាពស្ថាប័ន
២-ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច
៣-ការពង្រឹងប្រព័ន្ធបម្រើសេវាថែទាំសុខភាពប្រកបដោយនវានុវត្តន៍
៤-បង្កើនការអប់រំសុខភាព និងការផ្សព្វផ្សាយ
៥-ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត
៦-ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្ត
៧-ការពង្រឹងកិច្ចសហការពហុវិស័យ និងអន្តរវិស័យ ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
៨-កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក និង
៩-ការអភិវឌ្ឍន៍សុខាភិបាលឌីជីថល។