រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការជាតិ សល្យសាស្ត្រ សម្ភព និងសណ្តំ បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ អំពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីសល្យសាស្ត្រ សម្ភព និងសណ្តំ ក្នុងមូលដ្ឋានសុខាភិបាល ២០២៦–២០៣៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
សិក្ខាសាលានេះ មានគោលបំណងប្រមូលមតិយោបល់ និងធាតុចូលសម្រាប់បំពេញ និងលម្អិតផែនការយុទ្ធសាស្ត្រជាតិ NSOAP ២០២៦–២០៣៤ ដែលផ្តោតលើសសរស្តម្ភចំនួន ៦ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារ កម្លាំងធនធានមនុស្ស គុណភាព និងសុវត្ថិភាពនៃការផ្តល់សេវា ប្រព័ន្ធព័ត៌មានសុខាភិបាល និងការតាមដានវាយតម្លៃ ហិរញ្ញវត្ថុ និងការការពារហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ អភិបាលកិច្ច និងនិយ័តកម្ម។
ផែនការយុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើងស្របតាមបរិបទសកល ជាពិសេសផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្តប់សេវាសុខភាពជាសកល (UHC) ២០២៣–២០៣៥ និងផែនការយុទ្ធសាស្ត្រសុខាភិបាល(HSP4) ២០២៥–២០៣៤ របស់ក្រសួងសុខាភិបាល ដើម្បីឆ្លើយតបនឹងបញ្ហារបួស និងជំងឺមិនឆ្លងមានដូចជាជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម ជំងឺសសៃឈាម និងជំងឺមហារីក ដែលកំពុងកើនឡើងជាលំដាប់។ រីឯសុវត្ថិភាពម្តាយនិងទារកជុំវិញកំណើត ក៏ត្រូវការ ការចូលរួមពីសេវាវះកាត់និងការដាក់ថ្នាំសណ្តំផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានលើកឡើងថា សេវាសល្យសាស្ត្រ សម្ភព និងសណ្តំ ជាសមាសធាតុស្នូលសម្រាប់ការសម្រេចបានគោលដៅគ្របដណ្តប់សុខភាពជាសកល (UHC) និងការកាត់បន្ថយអត្រាស្លាប់ និង ពិការភាព ដែលអាចបង្ការបាន។ ឯកឧត្តមក៏បានអំពាវនាវឱ្យមានការចូលរួម និងគាំទ្រយ៉ាងសកម្មក្នុងការសម្រេចបាន NSOAPមួយគ្រប់ជ្រុងជ្រោយ ដែលក្រសួងសុខាភិបាល នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។
សិក្ខាសាលានេះទទួលបានការគាំទ្រពី អង្គការសុខភាពពិភពលោក (WHO), Harvard Medical School Program in Global Surgery and Social Change, Global Surgery Foundation និងអង្គការ Vital Strategies ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងតំណាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី–ខេត្តទូទាំងប្រទេស។