រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ផែនការសកម្មភាពអាទិភាព សម្រាប់ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០”។
សិក្ខាសាលានេះមានគោលបំណងដើម្បីរកឱ្យឃើញនូវសកម្មភាពជាអាទិភាព ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៦ និង២០២៧ ដូចជា៖
១. ការពង្រឹងសមត្ថភាពផ្តល់សេវាស្រាវជ្រាវរកឱ្យឃើញទាន់ពេលវេលា នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
២. ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងជំងឺមហារីក
៣. ការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ទិន្នន័យជំងឺមហារីក។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ដល់អង្គសិក្ខាសាលា បន្ទាប់ពីបានជ្រើសរើសនូវសកម្មភាពសម្រាប់អនុវត្តហើយ និងអនុវត្តបានរយៈពេល៦ខែ ត្រូវធ្វើសិក្ខាសាលាពិនិត្យឡើងវិញ នូវការងារដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមជឿជាក់ថាអង្គសិក្ខាសាលានេះ នឹងអាចជ្រើសរើសនូវសកម្មភាព សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ និង២០២៧ ដែលជាសកម្មភាពអាទិភាព ចាំបាច់ និងអាចអនុវត្តបាន ដើម្បីជាអត្ថប្រយោជន៍ដល់សុខភាពប្រជាជន ដែលជាទ្រព្យធនដ៏មានតម្លៃរបស់គ្រួសារ សង្គម និងប្រទេសជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្រ្តចារ្យ យី ស៊ីយ៉ាន ដែលបានផ្តួមផ្តើមឱ្យមានការរៀបចំសិក្ខាសាលានេះឡើង ដោយមានការគាំទ្រពីសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) សហការជាមួយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល។
អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេសសុខាភិបាល តំណាងក្រសួងពាក់ព័ន្ធ នាយកដ្ឋានពាក់ព័ន្ធ មជ្ឍមណ្ឌលជាតិ ប្រធាន អនុប្រធាន មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ សមាគម និងអង្គការដៃគូរជាតិ និងអន្តរជាតិ សរុបចំនួន ១០០រូប។