រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល និងប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Khin Zhari Aye ទីប្រឹក្សាបច្ចេកទេស ដែលកំពុងដឹកនាំការងារពិនិត្យឡើងវិញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងជំងឺអេដស៍ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២១–២០២៥ ដើម្បីពិនិត្យមើលពីលទ្ធផល បញ្ហាប្រឈម មេរៀនជាបទពិសោធន៍ និង ដាក់ចេញនូវអនុសាសន៍ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦–២០៣០ ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍លោកស្រីទីប្រឹក្សា និងក្រុមការងារយ៉ាងកក់ក្តៅ។ ជាមួយគ្នានេះផងដែរ លោកស្រីវេជ្ជបណ្ឌិត Khin Zhari Aye បានជម្រាបជូនអំពីគោលបំណងនៃកិច្ចប្រជុំនេះ ដែលមានដូចខាងក្រោម៖
១) សិក្សាស្វែងយល់បន្ថែម និងពិភាក្សាលម្អិតអំពីស្ថានភាព និងការឆ្លើយតបនឹងជំងឺអេដស៍ក្នុងវិស័យសុខាភិបាល នៅកម្ពុជា
២) ពិភាក្សាអំពីយន្តការ និងលទ្ធភាពនៃការរួមបញ្ចូលសំណុំសកម្មភាពនៃកម្មវិធីអេដស៍ ទៅក្នុងក្របខណ្ឌសុខភាពបឋម (Primary Health Care) និងការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage)
៣) កំណត់ធាតុចូលដែលអាចពង្រឹងបន្ថែម ឬអាចអនុវត្តវិធីសាស្ត្រថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ក្នុងផែនការយុទ្ធសាស្ត្រជាតិ ឆ្លើយតបនឹងជំងឺអេដស៍ ក្នុងវិស័យសុខាភិបាល សម្រាប់ ឆ្នាំ ២០២៦–២០៣០ ដើម្បីលើកកម្ពស់ការរួមបញ្ចូលសេវា ដោយគិតពីធនធានមនុស្ស និងការបន្ស៊ីគ្នាជាមួយអាទិភាពនៃប្រព័ន្ធសុខាភិបាល និងធានានូវនិរន្តរភាពក្នុងរយៈពេលវែង។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីសមិទ្ធផលសំខាន់ៗ នៃកម្មវិធីអេដស៍នៅកម្ពុជា ព្រមទាំងភាពខ្លាំង និងលទ្ធផលសម្រេចបាន នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ឆ្នាំ២០២១–២០២៥ ។ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីកិច្ចសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឹអេដស៍ បណ្តាញក្រុមប្រឈមនឹងមេរោគអេដស៍ ព្រមទាំងអង្គការដៃគូជាតិ និងអន្តរជាតិ ក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍។
លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ និងផ្តល់អនុសាសន៍ជូនក្រុមការងារស្វែងយល់ឱ្យបានស៊ីជម្រៅលើទិន្នន័យ និងឯកសារបោះពុម្ភផ្សាយដែលមានស្រាប់នៅមជ្ឈមណ្ឌលជាតិ និងអាជ្ញាធរជាតិប្រយុទនឹងជំងឺអេដស៍ ដើម្បីធានាឱ្យផែនការយុទ្ធសាស្ត្រថ្មីនេះ មានភាពបត់បែន សមស្របនឹងបរិបទ និងអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាពក្នុងពេលអនាគត។ បន្ថែមលើនេះ កិច្ចប្រជុំបានពិភាក្សាអំពីយុទ្ធសាស្ត្រ និងវិធីសាស្ត្រប្រកបដោយនិវត្តភាព រួមទាំងតេស្តថ្មីដែលអាចធ្វើរោគវិនិច្ឆ័យរកជំងឺបានច្រើនប្រភេទ ដូចជាតេស្តមួយអាចរកជំងឺបីមុខ អេដស៍/ស្វាយ/រលាកថ្លើម ជាដើម ។
ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកស្រី Maria Rosezoil Rioja តំណាងអង្គការ CHAI និងលោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងសហការី។