Cambodia
New Details

Image
កិច្ចប្រជុំ គណៈកម្មការសម្របសម្រួលស្តីពី គម្រោងគ្រប់គ្រងនឹងបង្ការជំងឺមិនឆ្លង លើកទី២
January 18, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង បានដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្របសម្រួលស្តីពី គម្រោងគ្រប់គ្រង និងបង្ការជំងឺមិនឆ្លង លើកទី២។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ដើម្បីបង្ហាញ និងពិភាក្សាអំពីវឌ្ឍនភាពនៃសកម្មភាពរបស់គម្រោងបង្ការជំងឺមិនឆ្លង 

២. ដើម្បីពិនិត្យឡើងវិញ និងសម្រេចលើការកែសម្រួលគម្រោងរចនាម៉ាទ្រិច (PDM)។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់អង្គការ JICA ដែលតែងតែជួយឧបត្ថម្ភគាំទ្រក្រសួងសុខាភិបាល ជាពិសេសគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង ដែលគម្រោងនេះកំពុងអនុវត្តនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ក្នុងខេត្តកំពង់ចាម និងនៅទីស្ដីការក្រសួងសុខាភិបាល ហើយគម្រោងនេះពិតជាមានសារៈសំខាន់ និងចំគោលដៅអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដែលកំពុងមានការកើនឡើងនៅទូទាំងសាកលលោកក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ទៅលើចំណុចមួយចំនួនដូចជា៖

១. មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងស្រុកទាំងអស់ នៅក្នុងខេត្តកំពង់ចាម បន្តខិតខំយកចិត្តទុកដាក់ និងសហការឱ្យបានល្អជាមួយអង្គការJICA ទៅលើបច្ចេកទេស និងសម្ភារៈបរិក្ខារ

២. បង្កើនសមត្ថភាពក្នុងការផ្តល់សេវាស្រាវជ្រាវ និងព្យាបាលផ្នែកជំងឺមិនឆ្លង

៣. រៀបចំបន្ទប់ពិគ្រោះជំងឺផ្នែកជំងឺមិនឆ្លងដើម្បីធ្វើជាគំរូល្អទៅដល់គ្រប់មន្ទីរពេទ្យនៅទូទាំងប្រទេស

៤. ស្នើដល់អង្គការJICA និងអ្នកជំនាញផ្នែកពាក់ព័ន្ធនៅក្នុងអង្គការJICA បន្តជួយឧបត្ថម្ភគាំទ្រទៅលើកម្មវិធីគ្រប់គ្រង និងបង្ការជំងឺមិនឆ្លង នៅក្នុងខេត្តកំពង់ចាមក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តមសាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល ថ្នាក់ដឹកនាំនាយកដ្ឋានការពារសុខភាព  ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម តំណាងអង្គការសុខភាពពិភពលោក និងតាមប្រព័ន្ធនិមិត្ត (Zoom) ពីការិយាល័យកណ្តាលរបស់ JICA នៅប្រទេសជប៉ុន សរុបចំនួន ៤៣រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10