Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាពការងារ និង ពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
January 30, 2026

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាពការងារ និង ពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកសម្ដេចឪសម្ដេចម៉ែ ក្នុងជុំទី៤ ឆ្នាំ២០២៥។

គោលបំណងនៃបេសកកម្មផ្តោតសំខាន់លើការងារដូចជា៖ (១) ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង(៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ  ដែលបានអនុវត្ត តាមការណែនាំរបស់ក្រុមការងារក្រសួង បានឱ្យឃើញថាមានភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែករាជធានីជុំទី៣ កន្លងមក កាលពីចុងឆ្នាំ២០២៤ ហើយបញ្ហាប្រឈមនៅសេសសល់ និងសំណូមពរបន្ថែម ត្រូវបានបន្តដោះស្រាយជាបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តម និង លោកលោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ 

គួរបញ្ជាក់ផងដែរថាបេសកកម្មខាងលើមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្រ្តីសុខាភិបាលពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6