Cambodia
⬆️ 0%
New Details

Image
ជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា
January 13, 2025

នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនាពេលនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់កម្ពុជានាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល ក៏ជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សបំផុតមួយផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរ របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងការពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដែលរួមមាន ការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត ការផ្លាស់ប្តូរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវ ព្រមទាំងលទ្ធភាពនៃការវិនិយោគលើការនាំចូលផលិតផលឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំងផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ដល់ការរីកចម្រើន របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងបានបញ្ជាក់ថានឹងពិនិត្យមើលលទ្ធភាព រៀបចំកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8