រាជធានីភ្នំពេញ៖ ថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០រសៀល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋាននីតិកម្ម ក្រសួងសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងឆ្នាំថ្មីនេះ។
ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ថា នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការទាំងឡាយ និងដោយបុរេសកម្ម ត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន ក្នុងការដោះស្រាយរាល់បញ្ហាសំណុំរឿងដែលជួបប្រទះ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។
ជាកិច្ចបន្ទាប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតផ្តល់ឱកាសជូនអគ្គនាយករង រដ្ឋបាល-ហិរញ្ញវត្ថុ និងមន្រ្តីនាយកដ្ឋាននីតិកម្មធ្វើការណែនាំខ្លួន និងរំលឹកពីប្រវត្កិការងារ បទពិសោធន៍ធ្វើការកន្លងមក។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះរួមមាន៖
១). នាយកដ្ឋាននីតិកម្ម ត្រូវអនុលោមភាពជាមួយបទប្បញ្ញត្តិទាំងឡាយ ដោយប្រកាន់ភ្ជាប់ភាពត្រឹមត្រូវ និងយុត្តិធម៌
២). នាយកដ្ឋាននីតិកម្ម ត្រូវតែធ្វើការគ្រប់គ្រងទៅលើកិច្ចសន្យាទាំងឡាយជាមួយស្ថាប័ន ឬដៃគូរពាក់ព័ន្ធ
៣). ប្រយុទ្ធប្រឆាំងនឹងភាពមិនត្រឹមត្រូវ ដោយត្រូវតែពន្យល់គ្នាជានិច្ចរវាងកិច្ចសហការ និងផ្នែកពាក់ព័ន្ធដើម្បីបានយល់គ្នាក្នុងភាពសុក្រិត
៤). នាយកដ្ឋាននីតិកម្ម ត្រូវការពារដោយផ្លូវច្បាប់ដល់អ្នកប្រើប្រាស់សេវា និងអ្នកផ្តល់សេវា
៥). ត្រូវតែយកចិត្តទុកដាក់កំណែទម្រង់ជាយុទ្ធសាស្រ្តក្នុងការងារនីតិកម្ម ដោយសហការណ៍ជាមួយនាយកដ្ឋានឌីជីថល
៦). សូមឱ្យពង្រឹងសមត្ថភាពមន្រ្តីតាមរយៈការបណ្តុះបណ្តាលបន្ត ការតាមដានត្រួតពិនិត្យលើច្បាប់លិខិតបទដ្ឋានគតិយុត្តរបស់ជាតិ-អន្តរជាតិ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋាននីតិកម្ម ដែលតែងតែខិតខំយកចិត្តទុកដាក់ក្នុងការបម្រើការងារកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាននីតិកម្មទាំងអស់ ទទួលនូវជោគជ័យក្នុងភារកិច្ចការងារក្នុងឱកាសឆ្នាំថ្មីនេះ។