រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមាឃ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសុខាភិបាល។
ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងទស្សនៈ អំពីទិសដៅ និងការពង្រឹងកិច្ចសហប្រតិបត្តិការ នាពេលអនាគត លើវិស័យសុខាភិបាល រួមមាន ការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្របច្ចេកទេស និងការជំរុញសកម្មភាពសហប្រតិបត្តិការផ្សេងៗ ដែលនឹងរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខុមាលភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោក។
ជំនួបពិភាក្សានេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល អគ្គលេខាធិការដ្ឋាន នាយកដ្ឋានអភិវឌ្ឍន៍ធនធានមុនស្ស និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសុខាភិបាល។