Cambodia
New Details

Image
រដ្ឋមន្រ្តីសុខាភិបាល គោរព និងកោតសរសើរពីវីរៈភាព របស់មន្រ្តីសុខាភិបាលទាំងអស់ដែលបានរួបរួមគ្នាក្នុងទឹកចិត្តមុះមុត បន្តបម្រើសេវាជូនប្រជាជនទូទាំងប្រទេសជាពិសេសការបម្រើសេវាសុខាភិបាល នៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែន។
February 03, 2026

ថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣០៨៦រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរៀបរាប់ពីដំណើរចុះជួបសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពសេវាសុខាភិបាល នៅក្រោយសង្គ្រាមក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និង បន្ទាយមានជ័យ។ តាងនាមឱ្យស្ថាប័នសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ មានមោទនភាពចំពោះវីរៈភាព របស់បុគ្គលិកសុខាភិបាលទាំងអស់ ដែលនៅបន្តការងារបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ២៤ម៉ោង នៅតាមទីសុវត្ថិភាពចាប់ពីថ្ងៃសង្គ្រាមចាប់ផ្តើម រហូតដល់ពេលនេះដោយមិនរាថយ។ ការប្រយុទ្ធបានស្ងប់ស្ងាត់បន្តិច តែស្ថានភាពគំរាមកំហែងពីអ្នកឈ្លានពាននៅតែមានជារៀងរាល់ថ្ងៃ នៅចំពោះមុខស្ថានភាពបែបនេះ បុគ្គលិកសុខាភិបាល នៅតែក្លាហានបន្តការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្នាមញញឹម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ បន្តការងារវីរៈភាពនេះកាន់តែជាគំរូ និងយូរអង្វែង។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទស្តីពីបែបបទនៃការដឹកនាំមានប្រសិទិ្ធភាព ដែលកើតចេញពីការងារជាក់ស្តែង ដោយមានមូលហេតុជាច្រើន ធ្វើឱ្យការដឹកនាំដែលកើតចេញពីបទពិសោធន៍ជាក់ស្តែងមានប្រសិទ្ធិភាព រួមមាន៖ 

១-ការដឹកនាំពិតប្រាកដត្រូវធ្វើនៅលើបរិបទជាក់ស្តែងដែលមានកត្តាប្រឈមផ្សេងៗ ដែលយើងត្រូវការយកចិត្តទុកដាក់ដោះស្រាយឱ្យមានភាពប្រទាក់ក្រឡាគ្នា

២-ធាតុផ្សំដែលធ្វើឱ្យការដឹកនាំមានប្រសិទ្ធិភាព មិនមែននៅខាងក្រៅខ្លួនបុគ្គលទេ តែជាការតាំងចិត្ត និងប្រវត្តិនៃការងាររបស់បុគ្គលនោះ 

៣-មេរៀនដែលមានតម្លៃ ជាមេរៀនដែលកើតចេញពីបទពិសោធន៍ការងារដែលបុគ្គលផ្ទាល់បានជួបប្រទះ ឬពីបុគ្គលផ្សេងដែលបានចែករំលែក និង ជាពិសេសជាមេរៀនដែលកើតចេញពីការបរាជ័យកន្លងមក និង

៤-គុណភាពរបស់អ្នកដឹកនាំ មិនមែនកើតមានពេលដែលទទួលបានលិខិតចាត់តាំងប្រគល់តួនាទីទេ តែគុណភាពដឹកនាំ កើតឡើងដោយសារបុគ្គលអាចប្រើប្រាស់បទពិសោធន៍ដែលខ្លួនមាន និងអាចទាញយកបទពិសោធន៍ថ្មីៗ ពីការងារបន្ថែមទៀត ព្រមទាំងអាចពង្រើកបទពិសោធន៍ ជាមួយក្រុមការងារតាមរយៈការចែករំលែក និងបង្ហាត់បង្ហាញជាប្រចាំ។

ជាកិច្ចបន្ត ក្រុមការងារមន្ទីរពេទ្យបង្អែកគីរីវង់នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ  បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ពង្រឹងគុណភាពនៃការថែទាំក្រោយសម្រាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15