Cambodia
New Details

Image
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវាយតម្លៃភាពរួចរាល់ក្នុងការចុះកិច្ចសន្យាជាមួយស្ថាប័នមិនមែនរដ្ឋ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវរួមស្តីពីនិរន្តរភាពនិងអន្តរកាលហិរញ្ញវត្ថុក្នុងការឆ្លើយតបនឹងជំងឺអេដស៍ និងរបេងនៅកម្ពុជា
February 05, 2026

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល អញ្ជើញជាសហប្រធាន ជាមួយ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសកល ក្នុងពិធីបើក និងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវាយតម្លៃភាពរួចរាល់ក្នុងការចុះកិច្ចសន្យាជាមួយស្ថាប័នមិនមែនរដ្ឋ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវរួម ស្តីពីនិរន្តរភាព និងអន្តរកាលហិរញ្ញវត្ថុក្នុងការឆ្លើយតបនឹងជំងឺអេដស៍ និងរបេងនៅកម្ពុជា។

សិក្ខាសាលានេះមានគោលបំណង ដើម្បីពង្រឹងភាពជាម្ចាស់ និងការតម្រឹមទិសដៅរួមរវាងរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការធានានិរន្តរភាពសេវា នៃកម្មវិធីអេដស៍ និងរបេង និងគ្រប់គ្រងអន្តរកាល នៃការផ្លាស់ប្តូរដែលបានស្នើឡើង។ វត្ថុបំណងសំខាន់ៗរួមមាន៖ ការផ្សព្វផ្សាយលទ្ធផលបឋម និងសេចក្តីព្រាងអនុសាសន៍ពីការវាយតម្លៃសមត្ថភាពរបស់ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៏ សើស្បែក និងកាមរោគ និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន ក្នុងការចុះកិច្ចសន្យាផ្តល់សេវាជាមួយស្ថាប័នមិនមែនរដ្ឋ និងការរៀបចំផែនទីបង្ហាញផ្លូវរួមសម្រាប់និរន្តរភាព និងអន្តរកាលនៃការផ្លាស់ប្តូរកម្មវិធី ដោយផ្តោតលើការបំពេញចន្លោះប្រហោងថវិកាដែលបណ្តាលមកពីការថយចុះធនធានពីដៃគូអភិវឌ្ឍន៍។ 

សិក្ខាសាលានេះក៏មានគោលដៅប្រមូលមតិកែលម្អ និងការផ្ទៀងផ្ទាត់ពីភាគីពាក់ព័ន្ធយ៉ាងទូលំទូលាយ និងឯកភាពលើអនុសាសន៍ និងផែនការសកម្មភាពជាក់លាក់ រួមមានកាលវិភាគ ភាគីទទួលខុសត្រូវ ការគណនាថ្លៃចំណាយ និងក្របខណ្ឌត្រួតពិនិត្យតាមដាន។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រីវេជ្ជបណ្ឌិត Tran Thi Anh-Dao តំណាងស្ថានទូតបារាំង លោកស្រី Patricia Ongpingនា យិកានៃអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសកល មជ្ឈមណ្ឌលជាតិទាំងពីរ មន្ត្រីអនុវត្តគម្រោងមូលនិធិសកល (MOH-LIT) ព្រមទាំងអង្គការដៃគូ សរុប ១០៤ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16