រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃ ក.ជ.ថ.ស.ប តាមប្រព័ន្ធនិម្មិត Zoom។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ចែករំលែកវឌ្ឍនភាពនៃការអនុវត្ត ក.ជ.ថ.ស.ប ប្រចាំឆ្នាំ២០២៥ ពិភាក្សាពីការចូលរួម និងតួនាទីរបស់ថ្នាក់ក្រោមជាតិ និងអង្គការដៃគូនានា ក្នុងការគាំទ្រ និងជំរុញការអនុវត្តក្របខ័ណ្ឌ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបម្រើសេវាសុខាភិបាល និងពិនិត្យពិភាក្សាផែនការសកម្មភាព និងសូចនាករតាមដាន នៃក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមសម្រាប់ឆ្នាំ២០២៦ ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល លោក លោកស្រ្តី តំណាងរដ្ឋបាលរាជធានី ខេត្តទាំង២៥ ប្រធាន និងសមាជិកក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម មន្ទីរសុខាភិបាលរាជធានី ខេត្តទាំង២៥ មណ្ឌលសុខភាព និងអង្គការដៃគូ សរុបចំនួន ២៥២រូប។