Cambodia
New Details

Image
សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
February 06, 2026

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១រោច ដល់ថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីសាស្ត្រាចារ្យ ជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលប្រារព្ធឡើងក្នុងទម្រង់ Hybrid ដែលមានអ្នកចូលរួមផ្ទាល់ជាង១៣០០នាក់ និងចូលរួមតាមអនឡាញជាង៧០០នាក់ នៅសណ្ឋាគារ រេស៊ីដង់ សុខា ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

គោលបំណងនៃសន្និបាតវិស័យទេសចរណ៍ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅការងារ និងផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

អង្គសន្និបាតសម្រាប់ឆ្នាំ២០២៥ បានរៀបចំកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៩ ដែលផ្តោតលើការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គមសម្រាប់ការផ្សព្វផ្សាយ ការសម្រួលការធ្វើដំណើរ ការទូតម្ហូបអាហារ និងការជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ក៏ដូចជារដូវកាលសាមគ្គីភាព ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងអំពីការផ្សព្វផ្សាយបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីហ្សា នៃផលិតផលថ្នាក់ជក់ ការអនុវត្តទីក្រុង និងទីកន្លែងទេសចរណ៍គ្មានផ្សែងបារី និងបានថ្លែងអំណរគុណចំពោះស្ថាប័ន ក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងន័យជំរុញវិស័យទេសចរណ៍ ដែលជាមាសបៃតងសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9