Cambodia
⬆️ 0%
New Details

Image
វគ្គបណ្តុះបណ្តាលអំពីការអនុវត្តគោលការណ៍ណែនាំជាតិ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថ ប្រឆាំង មេរោគ ២០១៩ ដែលផ្តោតលើការអង្កេតចំណុចប្រេវ៉ាឡង់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ
January 15, 2025

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងដោយមានការចង្អុលបង្ហាញពីឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានចូលរួមជាគណៈអធិបតី និងបើកវគ្គបណ្តុះបណ្តាល អំពីការអនុវត្តគោលការណ៍ណែនាំជាតិស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ២០១៩ ដែលផ្តោតលើការអង្កេតចំណុចប្រេវ៉ាឡង់ដល់ក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ក្នុងការបង្កើតផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តកម្មវិធីការគ្រប់គ្រងឱសថប្រឆាំង មេរោគក្នុងការព្យាបាលថែទាំអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ 

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ ដែលមានគោលបំណង៖ -លើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថក្នុងការចេញវេជ្ជបញ្ជា និងអនុវត្តការចែកចាយឱសថប្រឆាំងមេរោគក្នុងនោះឱសថអង់ទីប៊ីយ៉ូទិកប្រកបដោយតម្លាភាព សន្សំការចំណាយមិនចាំបាច់លើឱសថប្រឆាំងមេរោគ ជាពិសេសកសាងសមត្ថភាព ការអនុវត្តល្អរបស់មន្រ្តីសុខាភិបាល នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំដោយការប្រើប្រាស់ឱសថប្រឆាំងមេរោគប្រកបដោយសនិទានភាព តក្កភាព និងធ្វើឱ្យប្រសើរគុណភាព លទ្ធផលសុខភាពរបស់អ្នកជំងឺដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ   

-ចូលរួមកាត់បន្ថយការកើនឡើងបន្តទៀត  និងការរីកសាយភាពស៊ាំ នៃឱសថប្រឆាំងមេរោគ ពន្យារអាយុ ឱសថប្រឆាំងមេរោគ ដែលមានស្រាប់នៅព្រះរាជាណាចក្រកម្ពុជា។   

ឯកឧត្តមសាស្រ្តាចារ្យអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៃមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានី-ខេត្តទាំងអស់ត្រូវបំពេញការងារប្រកបដោយបុរេសកម្មក្នុងការចូលរួមអនុវត្តសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល លេខ០០០១ ស.អបស. សសរ ចុះថ្ងៃទី៣ខែមករា ឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាល ស្តីពីការរៀបចំចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ដោយជួយបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញមកលើការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគដើម្បីធានានិរន្តរភាពក្នុងការលើកកម្ពស់ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងគណនេយ្យភាពធ្វើឱ្យប្រសើរការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅព្រះរាជាណាចក្រកម្ពុជា។   

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ឯកឧត្តម កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ តំណាងអង្គការ KHANA/ICARS ប្រធានមន្ទីរពេទ្យ និងគ្រូសម្របសម្រួលពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមន្រ្តីរាជការ ថ្នាក់ដឹកនាំការិយាល័យស្រុកប្រតិបត្តិត្បូងឃ្មុំ និងសិក្ខាកាមជាក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ សរុបចំនួន៥៤ រូប(ស្រី១៤រូប)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6