Cambodia
⬆️ 0%
New Details

Image
គណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យស្ថានភាពជាក់ស្តែងក្នុងការឆ្លើយតប នឹងមេរោគអេដស៍នៅឃុំរកា ខេត្តបាត់ដំបង
January 16, 2025

ខេត្តបាត់ដំបង៖ នាថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាគណៈប្រតិភូអន្តរក្រសួង ចុះទៅពិនិត្យស្ថានភាពជាក់ស្តែងក្នុងការឆ្លើយតប នឹងមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ និងជួបប្រជុំជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តបាត់ដំបង ដើម្បីពិនិត្យលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅខេត្តបាត់ដំបង ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ 

សមាសភាពគណៈប្រតិភូអន្តរក្រសួងដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមមាន ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។   

នៅក្នុងដំណើរបេសកកម្មរបស់គណៈប្រតិភូអន្តរក្រសួង បានជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តបាត់ដំបង ប្រធានមន្ទីរពេទ្យបង្អែករកា អភិបាលស្រុកសង្កែ មេឃុំរកា នាយកអនុវិទ្យាល័យ នាយកសាលាបឋមសិក្សារកា នាយរងប៉ុស្តិ៍ឃុំរកា តំណាងអង្គការ HACC អង្គការ CPN+ អង្គការ CCW អង្គការ CRS អង្គការ FoNPAM និងតំណាងអ្នកផ្ទុកមេរោគអេដស៍។ ក្រោយពីបញ្ចប់កិច្ចប្រជុំ គណៈប្រតិភូអន្តរក្រសួងបានចុះទៅជួបផ្ទាល់ និងសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍នៅតាមគេហដ្ឋាន ហើយជាលទ្ធផលបានសង្កេតឃើញថា ពួកគាត់ទាំងនោះបានទៅទទួលសេវាថែទាំព្យាបាលជំងឺអេដស៍ និងលេបថ្នាំទៀងទាត់ ដែលធ្វើឱ្យពួកគាត់មានសុខភាពល្អ ហើយមេរោគនៅក្នុងខ្លួនមានចំនួនតិចបំផុត និងមិនបានចម្លងមេរោគអេដស៍ទៅដៃគូ ព្រមទាំងកូនៗនោះទេ។ គណៈប្រតិភូក៏បានជួបប្រជុំជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបង ដើម្បីពិនិត្យលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅខេត្តបាត់ដំបង ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9