រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំសេចក្តីណែនាំសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក សហការជាមួយ ឯកឧត្តម លោកជំទាវអនុប្រធាន ដឹកនាំកិច្ចប្រជុំលើកទី ១៦ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព សេចក្តីណែនាំស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក(CPA Guidelines)។
អង្គប្រជុំបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល និងដំណើរការពេញមួយព្រឹកដោយរលូន និងជោគជ័យ ដែលក្នុងនោះបានផ្តោតសំខាន់ និងពិភាក្សាយ៉ាងលម្អិតតលើការធ្វើបច្ចុប្បន្នភាពនៃជំពូក សេវាបញ្ជូន និងទទួលអ្នកជំងឺ និងរថយន្តគិលានសង្គ្រោះ ការងារត្រៀមទប់ស្កាត់ជំងឺរាតត្បាតនិងគ្រោះអាសន្នសុខភាព និងការងារនៅសេសសល់ដើម្បីបញ្ចប់ការងារកែលម្អសេចក្តីណែនាំ។ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រុមការងារបានដំណើរការការងាររបស់ខ្លួនជាបន្តបន្ទាប់ ដោយនិរន្តរភាព និងបានបំពេញការងារបានប្រមាណ៩៤ % ធៀបនឹងទំហំការងារសរុប ហើយដែលគ្រោងនឹងបញ្ចប់តាមផែនការគ្រោងទុកឱ្យបានចប់មុនដំណាច់ខែកុម្ភ: ឆ្នាំ២០២៥ ខាងមុខនេះ។
អង្គប្រជុំនេះ បានរៀបចំតាមកិច្ចប្រជុំផ្ទាល់ និងអនឡាញ តាមប្រព័ន្ធ Zoom ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា លោក លោកស្រី តំណាងនាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្ត ស្រុក តំណាងដៃគូអភិវឌ្ឍន៍ សមាជិកសមាជិកាក្រុមការងារ និងអ្នកពាក់ព័ន្ធនឹងក្រុមការងារ CPA Guidelines ចូលរួមទាំងអស់មានចំនួនប្រមាណ ៣០រូប។